កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលប្រទេសវៀតណាម បានប្រកាសកាត់បន្ថយថ្លៃចុះបញ្ជីរថយន្តដែលផលិត និងដំឡើងក្នុងស្រុកចំនួន ៥០% ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រោយពីរយៈពេលនេះ ថ្លៃចុះឈ្មោះនឹងត្រូវបានកែប្រែត្រឡប់មកវិញធម្មតា។
ការកាត់បន្ថយនេះ មានគោលបំណងជំរុញការលក់រថយន្តក្នុងស្រុកដែលមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ នេះ ការលក់រថយន្តទាំងមូលមានចំនួនត្រឹមតែ ៦៧ ៨៤៩ គ្រឿង ប៉ុណ្ណោះ ដែលធ្លាក់ចុះ ១៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំពោះការកាត់បន្ថយនេះ ក៏មានគោលបំណងដើម្បីប្រឆាំងនឹងការធ្លាក់ចុះនៃការលក់រថយន្តក្នុងស្រុក បើប្រៀបធៀបជាមួយនឹងរថយន្តដែលបាននាំចូល។
សម្រាប់ការផ្លាស់ប្តូរថ្មីនេះ ត្រូវបានរំពឹងថានឹងបង្កឲមានការបាត់បង់ចំណូលរដ្ឋប្រមាណ ៣៤ លានដុល្លារ ក្នុងមួយខែ។ គួរឲដឹងថា សព្វថ្ងៃ ថ្លៃចុះបញ្ជីរថយន្តដែលផលិត និងដំឡើងគឺមានចំនួន ១២% នៅក្នុងទីក្រុងហាណូយ និងទីក្រុង Hai Phong និង ១០% នៅទីក្រុងហូជីមិញ (ប្រែប្រួលទៅតាមតំបន់)។
គួរបញ្ជាក់ផងថា អត្រាការកាត់បន្ថយថ្លៃចុះឈ្មោះដែលបានកំណត់ថ្មីនេះ គឺជាការបង្កើតកំណែថ្មីមួយ បន្ទាប់ពីការអនុវត្តការកាត់បន្ថយថ្លៃចុះឈ្មោះដែលបានអនុវត្តនៅក្នុងរយៈពេល ៦ខែចុងក្រោយនៃឆ្នាំមុន។ ការកាត់បន្ថយនេះ ក៏ត្រូវបានគេរំពឹងថានឹងជួយជំរុញការលក់រថយន្តក្នុងស្រុក និងជួយបន្ថយការធ្លាក់ចុះនៃការលក់ដែលបានឃើញនៅឆ្នាំនេះ។