សម្រាប់ការប្រើប្រាស់រថយន្តទូទៅ គឺអ្នកបើកបរដាក់តែចង្កឹះលេខ P តែមួយប៉ុណ្ណោះ សម្រាប់ការឈប់ និងចតរថយន្ត។ ប៉ុន្តែតើបងប្អូនដឹងទេ ចង្កឹះលេខ N ក៏ត្រូវបានដាក់សម្រាប់ការឈប់រថយន្តដែរ ប៉ុន្តែជាការឈប់ និងត្រូវបានប្រើប្រាស់ក្នុងករណីមានអាសន្ន។

លេខ P ត្រូវបានដាក់សម្រាប់ចតរថយន្តចោល ឬការឈប់រង់ចាំក្នុងរយៈពេលយូរ និងសម្រាប់ការបញ្ឆេះម៉ាស៊ីនរថយន្ត។ ចំណែកឯលេខ N វិញ ត្រូវបានដាក់ក្នុងស្ថានភាពដូចជា៖
១. រថយន្តជាប់ផុង នៅពេលរថយន្តជាប់ផុងបើកទៅមុខមិនរួច គឺត្រូវដាក់លេខ N។ ពេលនោះកង់រថយន្ត លែងភ្ជាប់ដំណើរការជាមួយម៉ាស៊ីនទៀតហើយ ដែលអនុញ្ញាតឱ្យកម្លាំងខាងក្រៅអាចរុញ ឬអូសទាញរថយន្តចេញពីការជាប់ផុងបាន។
២. រថយន្តខូចតាមផ្លូវ ពេលរថយន្តខូចតាមផ្លូវមិនអាចជួសជុលនៅហ្នឹងកន្លែងបាន គឺមានតែជម្រើស២ប៉ុណ្ណោះ គឺស្ទូច ឬសណ្តោង។ ក្នុងករណីសណ្តោង រថយន្តដែលខូចនោះត្រូវដាក់អក្សរ N ដើម្បីឲ្យរថយន្តដទៃ អាចសណ្តោងទៅបានស្រួល ដោយមិនបង្កការខូចខាតដល់ប្រអប់លេខនោះទេ។
៣. រថយន្តដាច់ហ្វ្រាំង ក្នុងពេលកំពុងបើកបរ ស្រាប់តែជាន់ហ្វ្រាំងអត់ស៊ី ឬដាច់ហ្វ្រាំង គឺអាចដាក់លេខ N បាន និងត្រូវដាក់ហ្វ្រាំងដៃ។ នៅពេលរថយន្តអស់ល្បឿន គឺវានឹងឈប់វិលកង់ដោយខ្លួនវា ហើយអ្នកបើកបរអាចកាច់ចង្កូតរកកន្លែងសុវត្ថិភាពបាន សម្រាប់ស្ថានភាពផ្លូវរាបស្មើ។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការឈប់នៅចំណុចភ្លើងស្តុប អ្នកអាចជ្រើសរើសបានរវាង ការដាក់ P ឬ N ឬរក្សាលេខ D ដដែល ដោយគ្រាន់តែជាន់ហ្វ្រាំងជាប់។ ចំណុចនេះ វាខុសគ្នាត្រង់ថា បើដាក់ P ហើយពេលមានរថយន្តបុកពីក្រោយ អាចធ្វើឲ្យខូចប្រអប់លេខ។ ហើយបើដាក់ N ទោះមានរថយន្តបុកពីក្រោយក៏មិនប៉ះពាល់ប្រអប់លេខដែរ ប៉ុន្តែសម្រាប់តែលើផ្លូវរាបស្មើប៉ុណ្ណោះ ដែលមិនអាចឲ្យរថយន្តរអិលបាន៕


















