តម្លៃជាមធ្យមនៃរថយន្តថ្មី កើនឡើងខ្ពស់មិនធ្លាប់មាននៅអាមេរិក

[ទីផ្សារបរទេស] តម្លៃជាមធ្យមនៃរថយន្តថ្មី​នៅ​សហរដ្ឋអាមេរិក បាន​កើនឡើងដល់​ចំណុច​ខ្ពស់​បំផុតមួយ ដោយ​ឡើង​ដល់​តម្លៃ ៤៨ ០០០ដុល្លារ ជាលើកដំបូង។

ក្នុងខែមិថុនា ឆ្នាំ២០២២ តម្លៃជាមធ្យមនៃរថយន្តថ្មី​បាន​ហក់​ឡើង​ដល់ ៤៨ ០៤៣​ដុល្លារ យកឈ្នះ​កំណត់ត្រាតម្លៃ​ដែល​សាង​បាន​កាល​ពី​ខែធ្នូ ឆ្នាំ២០២១ ជាមួយ​តម្លៃ ៤៧ ២០២ដុល្លារ។ តម្លៃនេះមានការកើនឡើង ១,៩% ធៀបនឹងខែឧសភា ហើយកើន​ឡើង ១២,៧% ធៀបនឹង​ខែ​មិថុនា ឆ្នាំ​២០២១។

ពាណិជ្ជកម្ម

ការកើនឡើងនៃតម្លៃរថយន្តថ្មីនេះក៏ដោយសារអតិថិជនបានចំណាយប្រាក់ច្រើនជាងមុនក្នុងការទិញរថយន្ត​ប្រណីត ដោយតាម​ការ​វិភាគ​របស់ Kelly Blue Book បាន​បង្ហាញថាក្នុងខែមិថុនា ឆ្នាំ២០២២ អតិថិជនបានចំណាយ​ជា​មធ្យម ៦៦ ៤៧៦ដុល្លារ លើ​ការ​ទិញ​រថយន្តប្រណីត។ បន្ថែមពីនេះ​ចំនួនរថយន្តប្រណីតដែលត្រូវបានទិញបានកើនឡើងផងដែរ ដោយ​កើនឡើង​ពី​ចំណែក ១៧,៣% កាលពីខែឧសភា ឡើងមកដល់ ១៨% នៅខែមិថុនា។

ដោយឡែក ការចំណាយជាមធ្យមសម្រាប់រថយន្តអគ្គិសនីក៏បានបន្តកើនឡើងផងដែរ ដោយកើនឡើង ៣,៨% ធៀបនឹង​ខែ​ឧសភា ហើយកើនឡើង ១៣,៧% ធៀបនឹងខែមិថុនា ឆ្នាំ២០២១។ រថយន្តអគ្គិសនី​នៅខែមិថុនា ជាមធ្យម​លក់ចេញ​ក្នុង​តម្លៃ ៦៦ ០០០​ដុល្លារ ខណៈដែលរថយន្ត Hybrid លក់ចេញក្នុងតម្លៃជាង ៣៩ ០០០ដុល្លារ នៅសហរដ្ឋអាមេរិក៕

Sponsored