ត្រឹមមួយត្រីមាសសោះ Rivian ចាយលុយជាង ១ពាន់លានដុល្លារលើប្រតិបត្តិការ

[ទីផ្សារបរទេស] ការបង្កើនទំហំផលិតគឺជាបញ្ហាប្រឈមដ៏ធំមួយរបស់ក្រុមហ៊ុន Rivian ប៉ុន្តែ​ការបង្កើននេះ​កំពុងស្ថិត​ក្នុង​ដំណើរ​ការដោយ​ការដឹកជញ្ជូនរថយន្តនៅត្រីមាសទីពីរនៃឆ្នាំ២០២២នេះ បាន​កើនឡើងជិតបីដង ធៀបនឹង​តួលេខ ១២២៧គ្រឿង កាលពី​ត្រីមាសដំបូង។

យ៉ាងណាក្ដី ការបង្កើនទំហំផលិតនេះឃើញថា Rivian បានចំណាយប្រាក់អស់ច្រើនសន្ធឹក ដោយក្នុងរយៈពេលបីខែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ផលិតរថយន្តអគ្គិសនីរបស់អាមេរិកមួយនេះបានចំណាយទឹកប្រាក់ជាង ១ពាន់​លាន​ដុល្លារ លើ​ប្រតិបត្តិការរបស់​ខ្លួន។ វា​គឺ​ជា​ការ​ចំណាយដ៏​ខ្ពស់ បើធៀបនឹងការចំណាយប្រមាណ ៤១០លានដុល្លារ កាលពី​ត្រីមាសទីពីរនៃឆ្នាំ​២០២១។

ពាណិជ្ជកម្ម

ជាមួយការចំណាយនេះដែរ ក្រុមហ៊ុន​សង្ឃឹមថានឹងអាចជួយសន្សំសំចៃថវិកាបានច្រើននាពេលបន្ទាប់​ ហើយ​វានឹង​ជា​ចំណុច​សំខាន់​ក្នុង​ការ​សម្រេចគោលដៅផលិតឲ្យបាន ២៥ ០០០គ្រឿង នៅ​ពេញ​មួយ​ឆ្នាំ​២០២២នេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Rivian ក៏ព្យាយាមកាត់បន្ថយការចំណាយរបស់ខ្លួនផងដែរ ដោយកាលពីចុងខែកន្លងទៅ​ក្រុមហ៊ុន​បាន​ជម្រុះ​បុគ្គលិក​ចំនួន ៦%។ ដោយឡែក Bloomberg Intelligence បាន​ព្យាករណ៍ថា Rivian ប្រហែល​ជាត្រូវ​ចំណាយ​ថវិកា​ប្រមាណ ១៩ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការរហូតដល់ឆ្នាំ២០២៤៕

Sponsored