រថយន្ត Audi SQ8 នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាប៉ុន្មានខែខាងមុខទៀត ជាមួយនឹងតម្លៃផ្លូវការចាប់ពី ៨៩ ០០០ដុល្លារ។
ស្ថិតនៅចន្លោះម៉ូដែល Q8 និង RS Q8 រថយន្ត Audi SQ8 នេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥០០សេះ។ វាប្រើប្រអប់លេខអូតូ ៨វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី។ បន្ថែមពីនេះ វាក៏បំពាក់ប្រព័ន្ធប៉ុងពីរ quattro AWD និង ប្រព័ន្ធចង្កូតវិលកង់ទាំងបួន All-wheel steering ផងដែរ។
ដោយឡែក ផ្នែកខាងក្នុងកាប៊ីនវិញ រថយន្ត Audi SQ8 បានរៀបចំ និងរចនាឡើងយ៉ាងប្រណីត ព្រមទាំងទំនើប ជាមួយនឹង ដៃចង្កូត និងពូកស្បែក, ប្រព័ន្ធភ្លើង Ambient Lighting, ដំបូល Panoramic Sunroof, កន្លែងសាកថ្មទូរសព្ទមិនបាច់ប្រើខ្សែ, ប្រព័ន្ធសំឡេង Bang & Olufsen, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីង និងអេក្រង់បង្ហាញព័ត៌មានទំហំ ១០,១អ៊ីង ព្រមទាំងអេក្រង់បញ្ជាមុខងារទំហំ ៨,៦អ៊ីងទៀតផង។
លើសពីនេះ SQ8 ក៏បំពាក់ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ។ ក្រៅពី SQ8 ធម្មតា (ប្រភេទ Base Model) ក្រុមហ៊ុន Audi ក៏ជម្រើសមួយម៉ូដែលទៀត គឺ SQ8 Prestige ដែលមានតម្លៃចាប់ពី ៩៤ ៥០០ដុល្លារ៕