ទីបំផុត Hyundai បញ្ជាក់ច្បាស់ៗ រឿងរោងចក្រថ្មីសម្រាប់ផលិតឡានអគ្គិសនី នៅអាមេរិក

ថ្មីៗនេះ ក្រុមហ៊ុន Hyundai បានប្រកាសពីគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មីមួយកន្លែង នៅសហរដ្ឋអាមេរិក។

ព័ត៌មានលម្អិតនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ ប៉ុន្តែសារព័ត៌មាន Reuters ដែលទទួលបានដំណឹងពីប្រភព ៣ ផ្សេងគ្នា បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងលើ បានពិភាក្សាជាមុនជាមួយមន្ត្រីរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី នៅរដ្ឋ Georgia។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលមិនទាន់មានពាក្យថា ក្រុមហ៊ុនផលិតរថយន្ត Hyundai អាចវិនិយោគបានប៉ុន្មាននៅក្នុងរោងចក្រនេះ ជាក់ស្តែងរោងចក្រនេះនឹងផលិតរថយន្តអគ្គិសនី Hyundai Ioniq 7 និង Kia EV9។ ម៉ូដែលទាំង ២ ត្រូវបានដាក់បង្ហាញរួចមកហើយ ជាគំរូរថយន្ត កាលពីឆ្នាំមុន និងជាប្រភេទ Crossover ទំហំធំ ដែលនឹងទាក់ទាញអ្នកប្រើប្រាស់ជនជាតិអាមេរិក។

គួរឲ្យដឹងដែរថា រថយន្តទាំង ២ ម៉ូដែលនោះ នឹងប្រើគ្រោងឆ្អឹង E-GMP ហើយគ្រោងនឹងផ្តល់កន្លែងអង្គុយ កៅអី ៣ជួរឯណោះ។ គំរូរថយន្តនោះក៏មានសមត្ថភាពសាកភ្លើងលឿន DC 350 kW និងចម្ងាយបើកបរយ៉ាងហោចណាស់ ៣០០ ម៉ាយ ឬប្រហែល ៤៨០ គីឡូម៉ែត្រ ផងដែរ។

យ៉ាងណាមិញ រោងចក្រថ្មីនោះ នឹងអាចបង្កើតការងារបាន ៨ ៥០០កន្លែង ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម