ទើបបើកបាន១សប្ដាហ៍ ពេលនេះ Ford បិទលែងឲ្យកុម្ម៉ង់ឡានភីកអាប់ Maverick

[ទីផ្សារបរទេស] ការកុម្ម៉ង់រថយន្ត Ford Maverick ស៊េរីឆ្នាំ២០២៣ ដែលទើបបើកទទួលឡើងវិញកាលពីថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍​កន្លង​ទៅ ពេលនេះបានបិទជាថ្មីម្ដងទៀត ដោយសារតែ​មានតម្រូវការខ្ពស់ខ្លាំងពីអតិថិជន។

គួរដឹងថា Ford បានបិទលែងទទួលការកុម្ម៉ង់រថយន្តនេះកាលពីខែមករា ដោយសារតម្រូវការខ្ពស់ ប៉ុន្តែបានបើកឡើងវិញកាល​ពី​សប្ដាហ៍មុន។ ក្នុងពេលត្រឹមមួយសប្ដាហ៍ Ford ត្រូវបង្ខំចិត្តបិទលែងទទួលការកុម្ម៉ង់ជាថ្មីម្ដងទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maverick នៅតែ​ជា​រថយន្ត​ពេញ​និយមមួយរបស់ Ford ដោយអាចលក់ចេញបាន ៤៨ ៦៤៨គ្រឿង គិតត្រឹមខែសីហា និង​បាន​អូស​ទាញ​អតិថិជនថ្មីៗជាច្រើនឲ្យមកប្រើប្រាស់ម៉ាករថយន្ត Ford។ ជាង ៦០% នៃអ្នកទិញរថយន្ត Maverick គឺ​ជា​អតិថិជន​ថ្មី ខណៈដែលជាង ៨០% ជាអ្នកមិនដែលប្រើរថយន្តភីកអាប់ពីមុនមក។

Maverick ជារថយន្តថ្មីសន្លាងមួយរបស់ Ford ដែលបានដាក់ស្ថិតនៅក្រោមរថយន្ត Ranger ហើយ​អ្វីដែល​ធ្វើ​ឲ្យ​វាទទួល​បាន​ការ​ចាប់អារម្មណ៍គឺការមកជាស្តង់ដារនូវម៉ាស៊ីន Hybrid ហើយមានតម្លៃធូរថ្លៃ ដោយនៅសហរដ្ឋអាមេរិក​មាន​តម្លៃ​ចាប់ពី ២២ ៤៩០​ដុល្លារ ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម