ទោះយកឡាន Yaris Hybrid មកដូរតែម តែ Mazda 2 Hybrid ឆ្នាំ២០២២ មានតែថោកជាង

[ទីផ្សារបរទេស] កាលពីខែធ្នូកន្លងទៅ ក្រុមហ៊ុន Mazda បានធ្វើការបង្ហាញចេញនូវរថយន្ត Mazda 2 Hybrid ឆ្នាំ២០២២ ជាផ្លូវការ ជាមួយនឹងរូបរាងដូចគ្នាទាំងស្រុងទៅនឹងរថយន្ត Toyota Yaris Hybrid លែកលែងតែខុសគ្នាទៅលើឡូហ្គូប៉ុណ្ណោះ។

នាពេលនេះផងដែរ ក្រុមហ៊ុនផលិតរថយន្តនេះក៏បានធ្វើការប្រកាសអំពីតម្លៃផ្លូវការនៃរថយន្តនេះនៅលើទីផ្សារប្រទេសអង់គ្លេស ជាមួយតម្លៃចាប់ផ្តើមពី ២៧ ៥៤៨ដុល្លារ ដែលតម្លៃថោកជាងបងប្អូនភ្លោះរបស់ខ្លួន Toyota Yaris Hybrid ចំនួន ៧០៦ដុល្លារ។

ពាណិជ្ជកម្ម

សម្រាប់រថយន្ត Mazda 2 Hybrid ទទួលបាននូវជម្រើសចំនួន ៣ប្រភេទម៉ូឌែលគឺ Pure, Agile និង Select។ លើសពីនេះរថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ​ ១,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយដែលទទួលបានថាមពលបីអាគុយលីដ្យូម-អ៊ីយ៉ុង ក្នុងការជួយអោយរថយន្តអាចផលិតកម្លាំងសរុបបាន ១១៤សេះ និងកម្លាំងរមួល ១៦៩ញ៉ូតុនម៉ែត្រ ព្រមទាំងបញ្ជូនថាមពលទៅកាន់កង់មុខតាមរយៈប្រអប់លេខអូតូ CVT។

ចំពោះម៉ូឌែលប្រភេទ Pure មានតម្លៃ ២៧ ៥៤៨ដុល្លារ បានភ្ជាប់មកជាមួយថាសកង់ទំហំ ១៥អ៊ីញ, កញ្ជក់ប្រភេទអូតូ និងមុខងារកម្តៅ, ចង្កៀងមុខ Halogen ប្រភេទអូតូ, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ និងប្រព័ន្ធជំនួយការបើកបរ ADAS suite។

ចំណែកប្រភេទ Agile មានតម្លៃចាប់ពី ២៨ ៦៩៤ដុល្លារ បានបន្ថែមនូវ ថាសកង់ Alloy ទំហំ ១៥អ៊ីញ, កាំម៉េរាក្រោយ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ និងកញ្ចប់ Comfort Pack តម្លៃ ១ ៣២៩ដុល្លារ ដែលរួមបញ្ជូលនូវ កុងទ័របង្ហាញប្រភេទឌីជីថល, កៅអីប្រភេទស្ព័រ, ម៉ាស៊ីនត្រជាក់ ២តំបន់ និងភ្លើង LED។

រីឯម៉ូឌែលខ្ពស់បំផុត Select មានតម្លៃចាប់ពី ៣២ ០៤២ដុល្លារ ដោយបានបន្ថែមនូវថាសកង់ Alloy ទំហំ ១៦អ៊ីញ, សេនស័រជំនួយមុខ-ក្រោយ, ប្រើប្រាស់ជាមួយពណ៌ Gloss-Black នៅផ្នែកខាងក្នុង, ភ្លើងលម្អខាងក្នុង Ambient Lighting, កន្លែងសាកថ្មឥតខ្សែ និង Blind Spot Monitoring។

គួរបញ្ចាក់ផងដែរថា សម្រាប់មូលហេតុនៃការសម្រេចចិត្តរបស់ Mazda ក្នុងប្រើប្រាស់រថយន្ត Toyota ដោយគ្រាន់តែប្តូរឡូហ្គូ ដោយនោះគឺ ជាយុទ្ធសាស្ត្រក្នុងការជួយឱ្យក្រុមហ៊ុនសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកំណត់ការបន្ថយការបំភាយឧស្ម័ន CO2 ដល់ទៅ ៥០ភាគរយ នៅត្រឹមឆ្នាំ ២០៣០៕

Sponsored