បើទោះបីជារថយន្តនោះ ត្រូវបានបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិពេលលេញយ៉ាងណាក៏ដោយ សម្រាប់នៅប្រទេសកម្ពុជា គឺមិនអាចឲ្យវាបើកបរដោយខ្លួនឯង ដោយគ្មានអ្នកកាន់ចង្កូតនោះទេ។
យោងតាមមាត្រា៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា គ្រប់យានជំនិះដែលមានចលនានៅលើផ្លូវថ្នល់ ត្រូវតែមានអ្នកបើកបរជានិច្ច។ អ្នកបើកបរនោះទៀតសោត ក៏ត្រូវមានបណ្ណបើកបរផងដែរ សម្រាប់យានយន្តរួមមានដូចជា៖ រថយន្តគ្រប់ប្រភេទ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងត្រីចក្រយានយន្ត យានយន្តដែលមាទំហំស៊ីឡាំងលើសពី ១២៥cc ឡើងទៅ ឬមានថាមពលអគ្គិសនីលើសពី ១១គីឡូវ៉ាត់។

ជាមួយគ្នានេះ ប្រសិនអ្នកបើកបរនៅលើផ្លូវហាយវេ ឬផ្លូវល្បឿនលឿន ហើយរថយន្តអ្នកបានបំពាក់បច្ចេកវិទ្យា និងប្រព័ន្ធជំនួយជាច្រើនសម្រាប់ការបើកបរក៏ដោយ ដូចជា Autopilot, មុខងារចាប់គន្លង និង Adaptive Cruise Control ជាដើម ក៏អ្នកត្រូវតែរក្សាការប្រុងប្រយ័ត្នជាប់ជានិច្ច ដៃត្រូវដាក់ជាប់នៅលើចង្កូត និងផ្តោតលើស្ថានភាពផ្លូវខាងមុខគ្រប់ពេល។ លើសពីនេះ ប្រសិនបើសេនស័ររបស់រថយន្ត អង្កេតដឹងថា អ្នកបើកបរមិនបានផ្តោតអារម្មណ៍ ឬដកដៃចេញពីចង្កូតយូរ នោះវានឹងបន្លឺសំឡេងព្រមានដល់អ្នកបើកបរថែមទៀតផង។
គួរដឹងដែរថា ការប្រើមុខងារជំនួយបើកបរ ក៏មិនសូវមានប្រសិទ្ធភាពដែរ ប្រសិនបើស្ថិតក្នុងស្ថានភាពដូចជា មានភ្លៀងធ្លាក់ សញ្ញាចរាចរណ៍មិនមាន ឬមិនច្បាស់ និងមានការរំខានពីអ្វីមួយមកលើសេនស័ររថយន្តជាដើម៕



















