ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ បើគ្មានបុរសរូបនេះទេ! នោះប្រហែលជាគ្មានវត្តមានរថយន្ត Toyota Prius ដែលជិះពេញផ្លូវដូចសព្វថ្ងៃនេះទេ

បើគ្មានបុរសរូបនេះទេ! នោះប្រហែលជាគ្មានវត្តមានរថយន្ត Toyota Prius ដែលជិះពេញផ្លូវដូចសព្វថ្ងៃនេះទេ

បើនិយាយពី Toyota prius ឬខ្មែរយើងតែងហៅសាមញ្ញថា «ព្រុស» មនុស្សសឹងមួយផែនដី សុទ្ធតែបានស្គាល់ពីម៉ូឌែលដែលតំណាងឲ្យរថយន្ត Hybrid នេះ។ ប៉ុន្តែតើបងប្អូនទាំងអស់គ្នា បានដឹងទេ បើគ្មានបុរសរូបនេះ យើងប្រហែលជាមិនបានឃើញនូវវត្តមាន និងការរះឡើងត្រដែតដល់កំពូលរបស់ Toyota Prius ឡើយ។ ​

បុរសរូបនោះគឺមានឈ្មោះថា Hiroshi Okuda ដែលលោកទើបតែទទួលមរណភាពថ្មីៗនេះដ៏គួរឲ្យសោកស្តាយបំផុត ព្រោះគេបាននឹករលឹកទៅដល់ដើមកំណើតដំបូងរបស់ Toyota Prius ជំនាន់ទី១ ដែលរូបលោកគឺជាស្ថាបនិកផ្ទាល់តែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបានក្លាយជាប្រធានក្រុមហ៊ុន Toyota ក្នុងឆ្នាំ ១៩៩៥ លោក Okuda បានបង្ហាញចេញ Concept រថយន្ត Hybrid ១ម៉ូឌែល ដែលស៊ីសាំងតិច និងមានកម្រិតបញ្ចេញផ្សែងទាប ក្នុងពិព័រណ៌រថយន្ត Tokyo Motor Show នៅក្នុងឆ្នាំដដែលនោះតែម្តង។ ២ឆ្នាំក្រោយមក គឺនៅខែធ្នូ ឆ្នាំ១៩៩៧ Toyota Prius ក៏ត្រូវបានបញ្ចេញជាផ្លូវការលើកដំបូងនៅក្នុងប្រទេសជប៉ុន។ រថយន្ត Hybrid នេះ ប្រើម៉ាស៊ីនស៊ីឡាំង៤ ចំណុះ ១,៥លីត្រ បំពាក់អាគុយប្រភេទ Nickel Hydride ជាមួយកម្រិតស៊ីសាំងជាមធ្យមប្រហែល ៥,៧លីត្រ/១០០គ.ម។

យ៉ាងណាមិញ លោកបានចាកចេញពីតំណែងប្រធានក្រុមហ៊ុន Toyota នៅក្នុងឆ្នាំ១៩៩៩ ប៉ុន្តែបានបន្តធ្វើជាប្រធានក្រុមប្រឹក្សាភិបាល រហូតដល់ឆ្នាំ ២០០៦ និងក្រោយមកទៀត ធ្វើជាទីប្រឹក្សាជាន់ខ្ពស់ និងសមាជិកក្រុមប្រឹក្សាភិបាលរហូតដល់ឆ្នាំ២០០៩ ទើបចាកចេញតែម្តង។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ ក្នុងអំឡុងនៃការកាន់តំណែងរបស់លោក Okuda នេះ គឺលោកបានជួយឲ្យ Toyota មានកំណើនលក់រថយន្តយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ក្រៅពីសហរដ្ឋអាមេរិក ដែលជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតសម្រាប់ Toyota គឺក្រុមហ៊ុនជប៉ុនមួយនេះ ក៏បានពង្រឹកវត្តមានរបស់ខ្លួនជាបន្តបន្ទាប់នៅប្រទេសចិន ឥណ្ឌា បារាំង ប៉ូឡូញ សាធារណរដ្ឋឆេក ម៉ិចស៊ីកូ និងរុស្ស៊ីជាដើម ក្នុងអំឡុងពេលលោកបានកាន់តំណែងកំពូលនៅក្រុមហ៊ុន Toyota។

សូមជម្រាបដែរថា មកដល់ពេលនេះ រថយន្ត Toyota Prius បានចេញដល់ជំនាន់ទី៥ ហើយ ដោយវានៅតែជាប្រភេទ Hybrid មិនទាន់មានប្រភេទប្រើអគ្គិសនីសុទ្ធនោះទេ។ ក្នុងនោះ

-Prius ជំនាន់ទី១ ចាប់ពីឆ្នាំ ១៩៩៧ ដល់ ២០០៣

-ជំនាន់ទី២ ចាប់ពីឆ្នាំ ២០០៤ ដល់ ២០០៩

-ជំនាន់ទី៣ ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៥

-ជំនាន់ទី៤ ចាប់ពីឆ្នាំ ២០១៦ ដល់ ២០២២

-និងជំនាន់ទី៥ ចាប់ពីឆ្នាំ ២០២៣ ដល់បច្ចុប្បន្ន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម