
[បរទេស] ទីផ្សាររថយន្តរបស់ប្រទេសចិនបានកើនឡើងខ្ពស់ ដោយសារត្រូវបានជំរុញដោយការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ប៉ុន្តែពេលនេះ យ៉ាងហោចណាស់ទីក្រុងចំនួន ៦ នៅទូទាំងប្រទេសចិន បានប្រកាសផ្អាកការឧបត្ថម្ភធនសម្រាប់អ្នកទិញរថយន្តថ្មីនៅក្នុងខែមិថុនា ឆ្នាំ ២០២៥ ដែលអាចនឹងមានភាពពន្យឺតអត្រាកំណើននៃការលក់រថយន្តថ្មីក្នុងប្រទេសចិន។
ក្នុងនោះ ការផ្អាកឧបត្ថម្ភធនសម្រាប់អ្នកទិញរថយន្តថ្មីនេះ កើតឡើងដោយសារការព្រួយបារម្ភអំពីការធ្លាក់ចុះរយៈពេលវែងពីសង្គ្រាមតម្លៃរថយន្តដែលកំពុងបន្តដែលកំពុងរីករាលដាលពេញប្រទេសស្របពេលមានសេដ្ឋកិច្ចពិភពលោកមិនសូវល្អ រួមទាំងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ជាពិសេសគឺការក្លែងបន្លំទិន្ន័យពីឈ្មួញកណ្តាល គឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលប្រាក់ឧបត្ថម្ភត្រូវបានប្រើប្រាស់លឿនជាងការរំពឹងទុក ដែលជំរុញឱ្យមានការផ្អាក។
ជាមួយគ្នានេះ យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ការឧបត្ថម្ភធនបានធ្វើឲ្យមានប្រសិទ្ធភាពសម្រាប់ឧស្សាហកម្មយានយន្ត ក៏ដូចជាគ្រឿងអេឡិចត្រូនិច និងគ្រឿងប្រើប្រាស់ក្នុងផ្ទះបានរួមចំណែកដល់កំណើន ៦,៤% នៅក្នុងការលក់រាយក្នុងស្រុកសម្រាប់ខែឧសភា។ លើសពីនេះ ទិន្នន័យពីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបង្ហាញថា ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៥ នេះ មានពាក្យស្នើសុំជាង ៤ លានសម្រាប់ការឧបត្ថម្ភធនសម្រាប់ពាណិជ្ជកម្មយានយន្ត ៕