ប្រទេសចិនវ៉ាដាច់ប្រទេសជប៉ុន ក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេលើពិភពលោក

[បរទេស] ការនាំចេញរថយន្តរបស់ប្រទេសចិនបានឈានដល់ ៤៣៦ ០០០គ្រឿងក្នុងខែសីហា ឆ្នាំ ២០២៣ កើនឡើង ៣៩% បើធៀបនឹងឆ្នាំមុន ក្នុងនោះគិតចាប់ពីខែមករា ដល់ខែសីហាឆ្នាំ ២០២៣ ប្រទេសចិនបាននាំចេញសរុបដល់ទៅ ៣,២២ លានគ្រឿងកើនឡើង ៦៥% ដោយបានវ៉ាដាច់ប្រទេសជប៉ុន ក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេលើពិភពលោក។

កាលពីឆ្នាំ ២០២១ ការនាំចេញរថយន្តរបស់ប្រទេសចិនបានឈានដល់ ២,១៩ លានគ្រឿង ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ១០២% ។ នេះត្រូវបានបន្តដោយការកើនឡើងមួយទៀតក្នុងឆ្នាំ ២០២២ ដោយការលក់នាំចេញបានឈានដល់ ៣,៤ លានគ្រឿង កើនឡើង ៥៥% ពីមួយឆ្នាំទៅមួយឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរកត់សម្គាល់ថា តម្លៃជាមធ្យមនៃការនាំចេញរថយន្តក្នុងរយៈពេល ៨ ដំបូងនៃឆ្នាំ ២០២៣ បានកើនឡើងដល់ ២០ ០០០ ដុល្លារក្នុងមួយគ្រៀង ដែលខ្ពស់ជាងបន្តិចបើធៀបក្នុងឆ្នាំ ២០២២ មានតម្លៃ ១៨០០០ ដុល្លារក្នុងមួយគ្រឿងបានកើនឡើងជាង ១១% ទោះបីជាមានការកើនឡើង ៦៥% នៅក្នុងបរិមាណ។ ដូច្នេះហើយ តម្លៃសរុបនៃការនាំចេញរថយន្តរបស់ប្រទេសចិនបានកើនឡើងប្រហែល ៨៥% ក្នុងអំឡុងពេលដូចគ្នានេះ។

គួរឲ្យដឹងថា ភាពជោគជ័យនៃការនាំចេញរថយន្តរបស់ប្រទេសចិនបានចាប់ផ្តើមជាមួយនឹងវត្តមានដ៏រឹងមាំនៅក្នុងប្រទេសដូចជារុស្ស៊ី និងប្រទេសមួយចំនួននៅអាមេរិកឡាទីន ដោយនៅឆ្នាំ ២០២២ ប្រទេសចិនបាននាំចេញរថយន្ត ១៦០ ០០០ គ្រឿងទៅកាន់ប្រទេសរុស្ស៊ី។ ខណៈគិតត្រឹមខែសីហា ឆ្នាំ ២០២៣ ប្រទេសចិនបាននាំចេញដល់ទៅ ៥៤៤ ០០០ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម