
[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិនបានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី Volvo EX90 ដែលផលិតនៅក្នុងប្រទេសចិនផ្ទាល់ ផ្តល់ជូនជម្រើសចំនួន ៥ ព្រមទាំងទទួលបានចម្ងាយបើកបរឆ្ងាយជាងមុខ ហើយគ្រោងចេញលក់នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបាន ២៣២ និង ១៧០ សេះ
- ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបាន ២៤១ និង ២៦៨ សេះ។
ក្នុងនោះ រថយន្តនេះ អាចរត់ស្ទុះពីកុងទ័រ ០ ទៅ ១០០គីឡូម៉ែត្រ ប្រើរយះពេលខ្ទង់ ៤,៩ វិនាទី ព្រមទាំងទទួលបានកញ្ជប់អាគុយទំហំ ១១១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧១០ និង ៧២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ លើសពីនេះទៅទៀត រថយន្តអាចអាចសាកឡើងពី ១០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ៣០នាទី ប៉ុណ្ណោះ និងមានល្បឿនអតិបរមា ១៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។
Volvo EX90 ថ្មីនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Volvo SPA2 platform (Scalable Product Architecture) មានប្រវែងតួខ្លួនសរុប ៥ ០៣៧ ម.ម ទទឹង ១ ៩៦៤ ម.ម កម្ពស់ ១ ៧៤៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៨៥ ម.ម។ សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តមួយនេះ ទទួលបានការរចនាបែបស្ព័រ និងសុីវិល័យ ដោយមានការរចនាជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងអក្សរ T និងអក្សរ C ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២១ និង ២២អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំតូច និងអេក្រង់កម្សាន្ត touchscreen បញ្ឈរទំហំ ១៤,៥ អ៊ីញ ក៏ដូចជាកៅអីកម្តៅ/ខ្យល់នៅផ្នែកខាងមុខ ម៉ាសុីនត្រជាក់ស្វ័យប្រវត្តិ ព្រមទាំងទទួលបាននូវប្រព័ន្ធជំនួយការបើកបរកម្រិតទី២ ផងដែរ៕