រថយន្តភីកអាប់អគ្គិសនី គូប្រជែង Tesla Cybertruck អាចលក់តម្លៃធូរជាងរំពឹងទុក

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Rivian Automative បាន​ប្រារព្ធ​កម្មវិធី​ពិសេស​មួយ​នៅ San Francisco Bay Area។ ក្នុង​ឱកាស​នោះ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​គឺ​លោក R.J. Scaringe បាន​ឆ្លើយ​សំនួរ​ជា​ច្រើន​របស់​អ្នក​ដែល​ចូល​រួម។

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ជាង​គេ ទាក់ទង​នឹង​តម្លៃ​របស់​រថយន្ត​ Rivian R1T ដែល​ជា​រថយន្ត​​ភីកអាប់​អគ្គិសនី និង​រថយន្ត​ Rivian R1S ដែល​ជា​រថយន្ត​ SUV អគ្គិសនី​កៅអី​បី​ជួរ។

ពាណិជ្ជកម្ម

តាម​ការ​ចុះ​ផ្សាយ​ដោយ Reuters លោក​ Scaringe បាន​លើក​ឡើង​អំពី​តម្លៃ​របស់ R1T ដែល​មាន​ចាប់​ពី ៦៩ ០០០ ដុល្លារ និង​ R1S មាន​តម្លៃ​ចាប់​ពី ៧២ ០០០ ដុល្លារ។ យ៉ាងណាក្ដី​តម្លៃ​នេះ​មិន​មែន​សម្រាប់​ប្រភេទ Base នោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រភេទ​ Option ខ្ពស់​ដែល​មាន​អាគុយ​ធំ អាច​ជិះ​បាន​ចម្ងាយ​ប្រមាណ ៣០០ ម៉ាយ និង​ផ្ទាំង​​ដំបូល​កញ្ចក់​អាច​ប្ដូរ​ពណ៌​ពី​ខៀវ​ទៅ​ថ្លា។

ត្បិត​ថា​ Scaringe មិន​បាន​ប្រាប់​អំពី​តួ​លេខ​កុម្ម៉ង់​ទិញ​នៃ​រថយន្ត​របស់​ខ្លួន ប៉ុន្តែ​លោក​ប្រាប់​ថា​ក្រុមហ៊ុន​សប្បាយ​ចិត្ត​ដែល​មាន​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​នឹង​រថយន្ត​នេះ ហើយ​លោក​ព្រួយ​បារម្ភ​ថា​អ្នក​ទិញ​នឹង​ត្រូវ​រង់​ចាំ​យូរ៕​

Sponsored