ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ រថយន្តមួយនេះបំពាក់ម៉ាស៊ីនឧទ្ធម្ភាគចក្រមធ្យម ងំពេលបើកបរត្រូវពាក់កាសដូចកំពុងបើកយន្តហោះ F16 អញ្ចឹង!

រថយន្តមួយនេះបំពាក់ម៉ាស៊ីនឧទ្ធម្ភាគចក្រមធ្យម ងំពេលបើកបរត្រូវពាក់កាសដូចកំពុងបើកយន្តហោះ F16 អញ្ចឹង!

នេះគឺជា EcoJet រថយន្តដែលដំណើរការដោយម៉ាស៊ីនឧទ្ធម្ភាគចក្រ។ រថយន្តនេះ ត្រូវបានគ្រប់គ្រងដោយលោក Jay Leno ដែលជាអ្នកប្រមូលទិញរថយន្តដ៏ល្បីឈ្មោះម្នាក់ ដោយវាត្រូវបានលេចរូបរាងឡើងជាផ្លូវការនៅក្នុងកម្មវិធីពិព័រណ៍រថយន្ត SEMA Show កាលពីឆ្នាំ ២០០៦ ក្រោមការសហការមួយរវាងលោក Jay Leno ជាមួយក្រុមហ៊ុនយក្សចំនួន ៤ រួមមាន General Motors, Honeywell, Alcoa និង BASF ។

ក្នុងនោះ ចំណុចដែលធ្វើឱ្យ EcoJet ក្លាយជារថយន្តដែលប្លែកខុសពីរថយន្តផ្សេងៗនោះ គឺប្រព័ន្ធម៉ាស៊ីន។ រថយន្តនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ូដែល Honeywell LTS101 ដែលជាប្រភេទម៉ាស៊ីនដែលគេយកទៅប្រើប្រាស់នៅលើឧទ្ធម្ភាគចក្រ ពោលគឺម៉ាស៊ីននេះ មានកម្លាំងដល់ទៅ ៦៥០ សេះ និងមានល្បឿនរង្វិលជុំដល់ទៅ ៤៨,០០០ RPM ក្នុងមួយនាទីឯណ្ណោះ។ ប៉ុន្តែដោយសារតែល្បឿននេះគឺលឿនពេក ក្រុមវិស្វករក៏បានដំឡើងប្រព័ន្ធពិសេសមួយដាក់នៅចន្លោះម៉ាស៊ីន និងប្រអប់លេខឡាន ដើម្បីបន្ថយល្បឿននេះមកត្រឹម ៦,០០០ RPM ផងដែរ។ អ្វីដែលកាន់តែពិសេសនោះគឺ រថយន្តនេះប្រើប្រាស់នូវប្រព័ន្ធប្រេងពីរដាច់ដោយឡែកពីគ្នាតែម្តង ដោយធុងទីមួយផ្ទុកប្រេង Biodiesel សម្រាប់ការបើកបរទូទៅ និងធុងទីពីរផ្ទុកប្រេងកាតយន្តហោះ សម្រាប់ប្រើប្រាស់ពេលបញ្ឆេះម៉ាស៊ីនដំបូង និងលាងសម្អាតប្រព័ន្ធទុយោមុនពេលពន្លត់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលមកដល់ការបើកបរវិញម្តង ដោយសារតែវាជារថយន្តដែលប្រើប្រាស់នូវម៉ាស៊ីនធុនធ្ងន់ ដូចនេះ នៅពេលបើកបរ អ្នកបើកបរ និងអ្នករួមដំណើរ គឺត្រូវតែពាក់កាសទាក់ទងគ្នា ទើបអាចស្តាប់គ្នាបាន។ ម្យ៉ាងទៀត ដោយសារកម្ដៅដែលបញ្ចេញពីម៉ាស៊ីនខ្លាំងពេក គេក៏បានរចនាបំពង់ផ្សែងនៅផ្នែកខាងក្រោយឱ្យបាញ់ឡើងទៅលើផងដែរ។

ងាកមកមើលពីរូបរាង និងបច្ចេកវិទ្យារបស់រថយន្តនេះវិញ វាគឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងអាលុយមីញ៉ូមកែច្នៃពីរថយន្តស្ព័រ Chevrolet Corvette Z06 ចំណែកឯតួខ្លួនខាងក្រៅទាំងមូលត្រូវបានធ្វើឡើងពីការលាយបញ្ចូលគ្នារវាងកាបូនហ្វាយបឺ និងសារធាតុ Kevlar ដែលជាសារធាតុផ្សំអាវក្រោះការពារគ្រាប់ ធ្វើឱ្យឡាននេះមានទម្ងន់ស្រាលបំផុត ប៉ុន្តែរឹងមាំខ្លាំង។

ចំណែកឯផ្នែកខាងក្នុងវិញ គឺផ្តោតលើបរិស្ថានទាំងស្រុង ពោលមិនប្រើប្រាស់ស្បែកសត្វឡើយ។ ជាពិសេស គឺកុងទ័រ និងប្រព័ន្ធបញ្ជាផ្ទៃខាងក្នុង ត្រូវបានសហការរចនាដោយក្រុមហ៊ុន Microsoft ដែលដំណើរការដោយប្រព័ន្ធ Windows សម្រាប់បង្ហាញទិន្នន័យ ឬផែនទីជាដើម។

សរុបមក  EcoJet មិនត្រឹមតែជារថយន្តដែលអាចបើកបរលើផ្លូវសាធារណៈបានដោយស្របច្បាប់នោះទេ ប៉ុន្តែវាក៏បានបំបែកកំណត់ត្រាដោយអាចរត់នៅលើទីលានប្រណាំងបានល្បឿនរហូតដល់ទៅ ១៦៥ ម៉ាយក្នុងមួយម៉ោង ឬ ២៦៥ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម