រថយន្តអគ្គិសនីដំបូងរបស់ Rolls-Royce ទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយអតិថិជនជាង ៣០០នាក់ បានដាក់លុយកក់ តាំងពីមុនពេលបង្ហាញខ្លួន

[បរទេស] រថយន្ត Coupe តម្លៃ ៤១៣ ០០០ គឺជារថយន្តអគ្គិសនីដំបូងគេបង្អស់របស់ក្រុមហ៊ុន ដែលត្រូវបានដាក់បង្ហាញខ្លួនជាសាធារណៈនៅសប្តាហ៍មុន។ ជាក់ស្តែង អតិថិជន Rolls-Royce បានទៅទស្សនារថយន្តជាលក្ខណៈឯកជននៅទីស្នាក់ការកណ្តាល Goodwood របស់ក្រុមហ៊ុននៃចក្រភពអង់គ្លេស មុនពេលដែលរថយន្តត្រូវបានដាក់បង្ហាញជាផ្លូវការ។ អតិថិជនអាមេរិកជាង ៣០០ នាក់បានដាក់ប្រាក់កក់លើរថយន្ត Rolls-Royce Spectre មុនពេលឃើញរថយន្តជាផ្លូវការ នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Torsten Muller-Otvos។

ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិក្រុមហ៊ុនលោក Muller-Otvos បាននិយាយបានប្រាប់ទៅកាន់ CNBCថា “មនុស្សកំពុងតម្រង់ជួរទិញ Spectre ដែលជាផលិតផលដ៏ល្អឥតខ្ចោះបំផុតដែល Rolls-Royce មិនធ្លាប់បានផលិត” មុនពេលដែលរថយន្តនេះផលិតរួចរាល់ដើម្បីបង្ហាញដល់អតិថិជន។

ពាណិជ្ជកម្ម

ក្នុងនោះ នាយកប្រតិបត្តិរូបនេះបានធ្វើការបដិសេធមិនផ្តល់នូវចំនួននៃគោលដៅលក់សម្រាប់រថយន្តអគ្គិសនីថ្មីនេះទេ ប៉ុន្តែ ហាក់បីដូចជាក្រុមហ៊ុនបានចែកចាយរថយន្តសរុបចំនួន ៥ ៥៨៦គ្រឿងក្នុងឆ្នាំ ២០២១។

លោក Muller-Otvos បាននិយាយថា “នៅក្នុងលក្ខខណ្ឌនៃសមាមាត្រ (នៃការលក់) ខ្ញុំចង់និយាយថា Cullinan រថយន្ត SUV ដ៏អស្ចារ្យរបស់យើងគឺឈរនៅលេខមួយ ខណៈលេខរាងទីពីរគឺ Ghost ដែលជារថយន្តលីមូស៊ីនដ៏អស្ចារ្យរបស់យើង។ ហើយបន្ទាប់មក Spectre មកលេខរាងទីបី។

ថ្វីត្បិតតែជារថយន្តប្រភេទ Coupe ទ្វារពីរក៏ដោយ រថយន្ត Rolls-Royce Spectre ស៊េរីឆ្នាំ ២០២៤ នឹងនៅតែផ្តោតលើការផ្តល់នូវបទពិសោធន៍នៃការបើកបរដ៏ប្រណិត មិនមែនត្រឹមជារថយន្តប្រភេទស្ព័រនោះទេ។ ជាក់ស្តែងក្រុមហ៊ុនបានការធ្វើតេស្តចម្ងាយ ២,៥ លានគីឡូម៉ែត្រ ដើម្បីធានាថាវានឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Rolls-Royce មិនទាន់បានប្រាប់អំពីលក្ខណៈបច្ចេកទេសនៃរថយន្តនេះនៅឡើយទេ ប៉ុន្តែជាមួយអាគុយដែលទម្ងន់ ៧០០គីឡូក្រាមទៅហើយនោះ អាចឲ្យរថយន្ត Spectre ផលិតកម្លាំងបាន ៥៧៧សេះ និងបើកបរបានចម្ងាយ ៥២០គីឡូម៉ែត្រ ដែលអាចសន្និដ្ឋានបានថាអាគុយនេះមានចំណុះជាង ១០០kWh៕

Sponsored