
រថយន្តអគ្គិសនីបានក្តោបក្តាប់ចំណែកទីផ្សារនៃការលក់រាយរហូតដល់ទៅ ៦២.៩% នៅក្នុងប្រទេសចិន នាខែឧសភា ឆ្នាំ២០២៦ បើទោះបីជាមានការលុបចោលជាបណ្តើរៗនូវការផ្តល់ប្រាក់ឧបត្ថម្ភធន ពីថវិការដ្ឋក៏ដោយ។ កំណត់ត្រាកំពូលថ្មីនេះ សម្រេចបានដោយសារតែមានការធ្លាក់ចុះយ៉ាងគំហុកនៃការលក់រថយន្តប្រើម៉ាស៊ីនចំហេះក្នុង ដែលលទ្ធផលនេះបានជម្រុញឲ្យរថយន្តថាមពលថ្មី ក្តោបក្តាប់តំណែងជាម៉ូឌែលរថយន្តដែលលក់ដាច់បំផុតទាំង ១០ក្នុងចំណាត់កំពូលដំបូងគេបង្អស់។
យោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានឲ្យដឹងថា រថយន្តចំនួន ១.៥១ លានគ្រឿងត្រូវបានលក់ដាច់នៅក្នុងប្រទេសចិន នាខែឧសភា ឆ្នាំ២០២៦។ តួលេខនេះឆ្លុះបញ្ចាំងពីការធ្លាក់ចុះ ២២.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែវាមានការកើនឡើង ៩.២% បើធៀបនឹងខែមុន។ ចំពោះចំនួននៃការលក់រាយសរុបចាប់ពីខែមករា ដល់ខែឧសភា គឺសម្រេចបានរហូតដល់ ៧.០៩៩ លានគ្រឿង ពោលគឺធ្លាក់ចុះ ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៅក្នុងខែឧសភានេះ គឺបណ្តាលមកពីការធ្លាក់ចុះនៃក្រុមរថយន្តប្រើម៉ាស៊ីនចំហេះក្នុង ភាគច្រើន។ ចំណែកទីផ្សាររបស់ឡានសាំងនិងម៉ាស៊ូតទាំងនោះ បានដាំក្បាលចុះយ៉ាងគំហុកមកនៅត្រឹម ៣៧.១% ជាមួយនឹងចំនួនលក់ចេញបានប្រហែល ៥៦០ ០០០ គ្រឿង ដែលស្មើនឹង ៨២% នៃចំនួនទឹកប្រាក់ដែលបានធ្លាក់ចុះសរុបប្រចាំឆ្នាំ។
យោងតាមសារព័ត៌មាន The 21st Century Economic បានបង្ហាញថា របត់នៃការផ្លាស់ប្តូរពីការប្រើប្រាស់ឡានម៉ាស៊ីនចំហេះក្នុង ទៅរកឡានអគ្គិសនី មានការកើនល្បឿនកាន់តែលឿន ដោយសារតែការប្រែប្រួលឡើងចុះនៃតម្លៃប្រេងឥន្ធនៈ។ ជាលទ្ធផល អត្រានៃការជ្រៀតចូលទីផ្សារលក់រាយរបស់រថយន្តអគ្គិសនី បានហក់ឡើងរហូតដល់ ៦២.៩%។ ស្ថិតិទាំងនេះ គឺរាប់បញ្ចូលទាំងរថយន្តអគ្គិសនីប្រើអាគុយសុទ្ធ រថយន្តប្រើសាំងលាយអគ្គិសនី រាប់បញ្ចូលទាំងប្រភេទ PHEV, EREVនិង REEV។ បើទោះបីជាមានការធ្លាក់ចុះនៃការលក់សរុបនៅក្នុងស្រុកក៏ដោយ ប៉ុន្តែទីផ្សាររថយន្តអគ្គិសនី លំដាប់ប្រណីត នៅតែបន្តរក្សាចំណែកទីផ្សារយ៉ាងរឹងមាំដដែល។
គិតមកដល់ពេលបច្ចុប្បន្នរថយន្តអគ្គិសនី បានក្លាយទៅជាក្បាលម៉ាស៊ីនជំរុញកំណើនស្នូល សម្រាប់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនសកលលោក និងក្រុមហ៊ុនផលិតរថយន្តរបស់ចិន (ដូចជា SAIC-Volkswagen, GAC-Toyota ឬ BMW-Brilliance ជាដើម។ ទិន្នន័យពីសមាគម CPCA បានបង្ហាញថា ការលក់រថយន្តអគ្គិសនី របស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាទាំងនោះ មានការកើនឡើងរហូតដល់ ៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពេលដែលការលក់រថយន្តប្រើប្រាស់សាំង បានដាំក្បាលចុះរហូតដល់ ៤១%។
នៅពេលដែលទីផ្សាររថយន្តក្នុងស្រុកកំពុងស្ថិតក្រោមសម្ពាធ ការនាំចេញបានក្លាយជាអាទិភាពចម្បងថ្មីមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តចិន។ ទិន្នន័យពីសមាគមរថយន្តចិន (CPCA) ដដែលនេះបានបង្ហាញថា បរិមាណនៃការនាំចេញរថយន្តថាមពលថ្មីមានរហូតដល់ ៥៤% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៕






















