
ជាប្រវត្តិសាស្ត្រថ្មីនៅឧស្សាហកម្មយានយន្តនឹងត្រូវកត់ត្រាជាមួយសាច់រឿងថ្មី បន្ទាប់ពីរថយន្តអគ្គិសនីបានធ្វើការលក់ដាច់ជាងរថយន្ដម៉ាសុីនចំហេះក្នុងនៅទីផ្សាររថយន្ដក្នុងប្រទេសអាឡឺម៉ង់ជាលើកដំបូងមិនធ្លាប់មានពីមុនមក។ នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតនៅតំបន់អឺរ៉ុប ដែលកន្លងមកនៅពេញទីនោះជាកន្លែងដែលពេញនិយមបំផុតលើការប្រើរថយន្ដប្រភេទចំហេះក្នុង។
យោងតាមសហព័ន្ធអាជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់ប្រទេសអាល្លឺម៉ង់ (KBA) ប្រជាជនអាឡឺម៉ង់បានចុះបញ្ជីរថយន្តអគ្គិសនីថ្មីចំនួន ៨៤ ០៥៧ គ្រឿងនៅក្នុងខែមិថុនា មានការកើនឡើង ៧៨,២% ធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ រថយន្ត Hybrid ធម្មតា មានការចុះបញ្ជីជាមួយចំនួន ៨៣ ៣១៥ គ្រឿង បន្ទាប់មកគឺរថយន្តប្រើសាំងមានការចុះបញ្ជីចំនួន ៦០ ៧៩៦ គ្រឿង រថយន្តប្រើម៉ាស៊ូតមានចំនួន ៣៣ ៨៦២ គ្រឿង និងចុងក្រោយរថយន្តប្រភេទ Plug-in Hybrid (PHEV) មានចំនួន ៣២ ២១២ គ្រឿង។
យោងតាមជាលទ្ធផលនេះបានបានបង្ហាញថារថយន្តអគ្គិសនីកំពុងក្តោបក្តាប់ទីផ្សាររថយន្តសរុបរបស់ប្រទេសអាឡឺម៉ង់រហូតដល់ ២៨.៤% ខណៈរថយន្ត Hybrid ទទួលបានចំណែកទីផ្សារត្រឹមតែ ២៨.១% ចំណែករថយន្ដប្រើប្រាស់សាំងសុទ្ធទទួលបានចំណែក ២០.៥% ស្របពេលរថយន្តប្រើម៉ាស៊ូតទទួលបានចំណែកទីផ្សារ ១១.៤% និងរថយន្ត Plug-in Hybrid (PHEV) ទទួលបាន ១០.៩% នៃទីផ្សារសរុបក្នុងប្រទេសអាឡឺម៉ង់។
សរុបមកប្រជាជនអាឡឺម៉ង់បានចុះបញ្ជីរថយន្តថ្មីចំនួន ២៩៦ ៣៧៨ គ្រឿងកាលពីខែមុន មានការកើនឡើង ១៥.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ងាកមើលរថយន្ដអគ្គិសនីទទួលការគាំទ្រខ្លាំងបំផុតគឺរថយន្ដ Tesla Model Y មានការចុះបញ្ជីចំនួនរហូតដល់ ៦ ០២៣ គ្រឿង ខណៈរថយន្ត Volkswagen ID.3 ប្រភេទ Hatchback ជាប់ចំណាត់ថ្នាក់លេខ ២ មានការចុះបញ្ជីចំនួន ៣ ៥១៤ គ្រឿង និងចំណាត់ថ្នាក់លេខ ៣ បានទៅលើរថយន្ដ Skoda Enyaq មានការចុះបញ្ជីចំនួន ៣ ៣៨៣ គ្រឿង៕






















