
ប្រទេសម៉ិកស៊ិកគឺជាអ្នកផលិតរថយន្តសម្រាប់ផ្គត់ផ្គង់ទៅកាន់ពិភពលោកជាច្រើន ដោយសារប្រទេសនេះមានរោងចក្រដំឡើងឡានឲ្យក្រុមហ៊ុនធំៗជាច្រើន ប៉ុន្តែយ៉ាងណាមិញសឹងតែគ្មានម៉ាករថយន្តក្នុងស្រុកផ្ទាល់ខ្លួនណាមួយ ធ្លាប់បានបង្កើតឡើងចេញពីប្រទេសនេះឡើយ។
ចំពោះការសម្រេចផលិតរថយន្តម៉ូឌែលថ្មី Olinia Uno គោលបំណងធំបំផុតគឺចង់ផ្លាស់ប្តូរតថភាពមួយនេះចេញ។ សម្រាប់រថយន្ត Uno ជារថយន្តអគ្គិសនីខ្នាតតូចមានកៅអីចំនួន ៦ ត្រូវបានឌីហ្សាញឡើងនៅក្នុងប្រទេសម៉ិកស៊ិក ហើយវាក៏ត្រូវបានផលិតនៅក្នុងប្រទេសនោះផ្ទាល់ផងដែរ ក្រោមការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាល។ រថយន្តនេះ មិនមែនបង្កើតឡើងដើម្បីដេញតាមប្រជែងជាមួយរថយន្តអគ្គិសនីលក្ខណៈគ្រួសាររបស់ប្រេនដ៏ទៃនោះឡើយ។ ផ្ទុយទៅវិញវាបានដាក់ខ្លួនជាយានយន្តជំនួសឲ្យម៉ូតូ និងម៉ូតូកង់បី ដែលកំពុងតែបើកបរខ្វាត់ខ្វែងពេញដងផ្លូវក្នុងប្រទេសមួយនេះ។

ជំនួសឲ្យការផ្តោតលើការធ្វើដំណើរផ្លូវឆ្ងាយ ឬការបើកបរដើរកម្សាន្តឆ្លងខេត្ត រថយន្ត Uno នេះ គឺសាកសមបំផុត សម្រាប់បម្រើសេវាកម្មដឹកជញ្ជូន ឬរត់តាក់ស៊ីក្នុងចម្ងាយជិតៗ។ Olinia Uno ត្រូវបានបំពាក់ដោយកញ្ចប់អាគុយប្រភេទ (LFP) ខ្នាតតូចកម្លាំង ១៤.៧ គីឡូវ៉ាត់ម៉ោង ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងត្រឹមតែ ១៧សេះប៉ុណ្ណោះ។ ប្រសិនបើអ្នកបើកបរណាខំប្រឹងជាន់ហ្គែរឡាននេះឲ្យអស់ទំហឹង វានឹងរត់ដល់ល្បឿនអតិបរិមាត្រឹមតែ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

បើនិយាយពីតម្លៃវិញគឺសមរម្យធូរថ្លៃបំផុត នេះក៏ជាចំណុចទាក់ទាញមួយរបស់រថយន្ដនេះផងដែរ។ សម្រាប់រថយន្ត Uno មានតម្លៃចាប់ផ្តើមត្រឹមតែ ១៥០ ០០០ ប៉េសូ (លុយម៉ិកស៊ិក) ឬស្មើនិងប្រមាណ ៨ ៦០០ដុល្លារ។ ក្រុមហ៊ុន Olinia បានអះអាងថា ខណៈពេលរថយន្តតាក់ស៊ីប្រភេទ Sedan ប្រើម៉ាស៊ីនចំហេះក្នុងទូទៅ អាចចំណាយថ្លៃរត់រហូតដល់ ០.១៤ ដុល្លារ ក្នុងមួយគីឡូម៉ែត្រ ហើយម៉ូតូកង់បីដឹកអ្នកដំណើរចំណាយរហូតដល់ ០.០៧ ដុល្លារ ក្នុងមួយគីឡូម៉ែត្រនោះ រថយន្ត Uno នឹងចំណាយត្រឹមតែ ០.០៣ ដុល្លារ ប៉ុណ្ណោះក្នុងមួយគីឡូម៉ែត្រ។ នៅពេលដោតសាកភ្លើងជាមួយព្រីភ្លើងតាមផ្ទះកម្លាំង ២២០ វ៉ុល វានឹងសាកពេញក្នុងរយៈពេលប្រហែល ៤ ម៉ោង ហើយជាជាការល្អបំផុតសម្រាប់ការសាកបំពេញថាមពលទុកចោលមួយយប់ ដើម្បីឲ្យវាត្រៀមខ្លួនរួចរាល់នៅពេលព្រឹក។ ចំណែកឯចម្ងាយផ្លូវបើកបរវិញ គឺត្រូវបានកំណត់ត្រឹម ១០០ គីឡូម៉ែត្រ។
























