រថយន្តអគ្គិសនីស្ព័រ Aistaland GT7 ទទួលបានការបញ្ជាទិញទុកមុនលើសពី ១មុឺនគ្រឿង ក្នុងរយៈពេលត្រឹមតែ ៥ម៉ោង

ម៉ាកយីហោរថយន្តថាមពលថ្មីឆ្លាតវៃលំដាប់កំពូល Aistaland (ឬហៅជាភាសាចិនថា Qijing) ត្រូវបានបង្កើតឡើងរួមគ្នាដោយ GAC Group និងក្រុមហ៊ុន Huawei បានប្រកាសបើកទទួលការបញ្ជាទិញទុកមុនជាផ្លូវការ លើរថយន្ដម៉ូឌែលដំបូងបង្អស់របស់ខ្លួនគឺ GT7 កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅនេះ។ រថយន្តអគ្គិសនីមួយនេះ ទទួលបានការបញ្ជាទិញយ៉ាងគំហុកលើសពី ១០,០០០ គ្រឿង ក្នុងរយៈពេលត្រឹមតែ ៥ ម៉ោងដំបូងប៉ុណ្ណោះ ក្រោយការប្រកាសបើកទទួលការបញ្ជាទិញទុកមុន។

រថយន្ត Aistaland GT7 ផ្ដល់មកជាមួយជម្រើស Option ចំនួន ៤ ផ្សេងគ្នានឹងត្រូវដាក់លក់ជាមួយនឹងតម្លៃចន្លោះពី ៣២ ៣០០ ដុល្លារដល់ ៤៥,៦០០ ដុល្លារ។ តាមការគ្រោងទុក រថយន្ដនេះនឹងត្រូវដាក់លក់ជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះហើយ។

សម្រាប់រថយន្ត Aistaland GT7 ត្រូវបានបង្កើតឡើងនៅលើស្ថាបត្យកម្មប្រព័ន្ធអគ្គិសនី ៨០០ វ៉ុល ចំណែកប្រព័ន្ធជើងក្រោមរថយន្ដនេះបានបំពាក់នូវបូមខ្យល់ដបភ្លោះប្រព័ន្ធបិទជិត និងប្រព័ន្ធបូមអេឡិចត្រូនិកកែសម្រួលកម្រិតភាពហាប់ណែន។ ចំពោះម៉ូឌែលប្រភេទ Ultra ប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ទាំងបួនដោយម៉ូទ័រចំនួន៣ អាចផលិតកម្លាំង ៧៦៨សេះ ជួយឲ្យរថយន្តស្ទុះខ្លាំងពីល្បឿន ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ២.៩៨ វិនាទីប៉ុណ្ណោះ។ ដោយឡែកម៉ូឌែលស្ដង់ដារប្រើប្រាស់ប្រព័ន្ធបង្វិលកង់ក្រោយ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិត ៣៤០សេះ និងអាចធ្វើសន្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៥.៩ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aistaland GT7 ផ្ដល់មកជាមួយជម្រើសអាគុយចំនួនពីរប្រភេទ ផលិតជាពិសេសដោយក្រុមហ៊ុន CATL រួមមានកញ្ចប់អាគុយទំហំ ៨៦.១១១ គីឡូវ៉ាត់ម៉ោង និងកញ្ចប់អាគុយប្រភេទ Qilin ទំហំ ១០២.៧៦៨ គីឡូវ៉ាត់ម៉ោង គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិត 6C ព្រមទាំងផ្តល់នូវចម្ងាយបើកបរបានឆ្ងាយបំផុតរហូតដល់ ៩០០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

បើនិយយពីទំហំរូបរាងខាង Aistaland  GT7 មានប្រវែងបណ្តោយ ៥,០៥០ មីលីម៉ែត្រ, ទទឹង ១,៩៨០ មីលីម៉ែត្រ និងកម្ពស់ ១,៤៧០ មីលីម៉ែត្រ និងមានប្រវែងគម្លាតកង់មុខក្រោយ ៣,០០០ មីលីម៉ែត្រ។ ការរចនារបស់រថយន្ដនេះគឺសង្កត់ធ្ងន់ទៅលើប្រព័ន្ធលំហូរខ្យល់អ៊ែរ៉ូឌីណាមិក ជាមួយរូបរាងជាទម្រង់រថយន្ដបែបស្ព័រទ្វារប្រាំ Shooting brake silhouette ផ្តល់នូវទំហំឃ្លាំងផ្ទុកឥវ៉ាន់ខាងក្រោយរហូតដល់ ៦៤៧ លីត្រ ហើយអាចពង្រីកបានរហូតដល់ ១,៦០៦ លីត្រ នៅពេលបត់កៅអីជួរក្រោយចុះ ព្រមទាំងមានឃ្លាំងផ្ទុកឥវ៉ាន់ខាងមុខប្រភេទមិនជ្រាបទឹក ទំហំ ២១៥ លីត្រ មួយបន្ថែមទៀតផងដែរ។

ក្នុងនាមជារថយន្ដដំបូងគេបង្អស់របស់ GAC Group សហការជាមួយក្រុមហ៊ុន Huawei Aistaland GT7 បានបំពាក់ប្រព័ន្ធបើកបរឆ្លាតវៃ Huawei Qiankun ADS 5.0 គាំទ្របច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ L3 ។ សម្រាប់ម៉ូឌែលកំពូល Ultra បានរួមបញ្ចូលនូវប្រព័ន្ធសេនស័រឡាស៊ែរ LiDAR ស្កេនរូបភាពពីរផ្លូវនិងប្រព័ន្ធ LiDAR  D-TOF (D-TOF solid-state LiDAR) ដោយប្រើប្រាស់សេនស័រសរុបរហូតដល់ទៅ ៣៦ គ្រាប់ជុំវិញខ្លួន។

នៅផ្នែកខាងក្នុងដំណើរការដោយប្រព័ន្ធឆ្លាតវៃ HarmonySpace 6 បំពាក់នូវអេក្រង់កម្សាន្ដបែបអណ្តែតទំហំ ១៥.៦ អ៊ីញ, កុងទ័រឌីជីថលទំហំ ៨.៨៨ អ៊ីញ និងប្រព័ន្ធបញ្ចាំងព័ត៌មាននៅលើកញ្ចក់មុខស្លាយកុងទ័រទំហំ ៨៨ អ៊ីញ។ បទពិសោធន៍នៃការស្តាប់តន្ត្រីកាន់តែមានភាពរស់រវើក ជាមួយនឹងការបំពេញដោយប្រព័ន្ធសំឡេង Huawei Sound គាំទ្រដោយឧបករណ៍បំពងសម្លេងដល់ទៅចំនួន ២១ រួមដំណើរការជាមួយប្រព័ន្ធបញ្ជា និងជជែកដោយសំឡេងបច្ចេកវិទ្យា AI៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម