លក់តែឡានសាកភ្លើងទេ ប៉ុន្តែ BYD អាចលក់ឡានបានច្រើនលំដាប់ទីពីរ

[ទីផ្សារបរទេស] ទិន្នន័យចេញដោយសមាគមន៍រថយន្តចិន បានបង្ហាញថា BYD អាចលក់រថយន្តបានសរុប ១១៣ ៧៦៨គ្រឿង​ កាល​ពី​ខែឧសភា កន្លងទៅ ដែលអាចឲ្យក្រុមហ៊ុនឈរលំដាប់លេខពីរលើទីផ្សារប្រទេសចិន គឺនៅតែពីក្រោយក្រុមហ៊ុន FAW-Volkswagen ដែលលក់រថយន្តបានចំនួន ១៥០ ០០៩គ្រឿង។

អ្វីដែលធ្វើឲ្យតួលេខរបស់ BYD គួរចាប់អារម្មណ៍ខ្លាំងនោះគឺថា BYD លែងផលិតរថយន្តដែលដើរដោយថាមពលប្រេងឥន្ធនៈសុទ្ធ​ត​ទៀត​ហើយ ដែលមានន័យថារថយន្តលក់ចេញកាលពីខែឧសភា គឺជារថយន្តប្រភេទ Plug-in Hybrid និងរថយន្តអគ្គិសនី​សុទ្ធ។ ហេតុនេះវាជារឿងគួរឲ្យ​ភ្ញាក់​ផ្អើល​ ដែល​ BYD អាចឈរលើតំណែងលេខពីរ ជាមួយរថយន្តថាមពលថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លទ្ធផលលក់ប្រចាំខែឧសភារបស់ BYD មានកំណើន ១៥៩,៥% ធៀបនឹងខែឧសភាឆ្នាំមុន ខណៈដែល FAW-Volkswagen មាន​ការ​ធ្លាក់​ចុះ ១០,៦%។ ក្រុមហ៊ុន​លក់រថយន្តបានច្រើនជាងគេលំដាប់ទីបីគឺ Geely ដែលលក់ចេញបាន ៧៣ ៣១៥គ្រឿង ជា​ការ​ថយចុះ ១៤,៥% ធៀបនឹងឆ្នាំមុន។

ទីផ្សាររថយន្តប្រភេទចិន​ទាំងមូលឃើញថាចំនួនលក់រថយន្តបានថយចុះ ១១,៨% កាលពីខែឧសភា ប៉ុន្តែ​ចំនួន​លក់​រថយន្ត​ថាម​ពល​ថ្មី​បាន​ហក់​ឡើង​រហូត​ដល់ ៩១,២%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម