ក្នុងរយៈពេល ១សប្តាហ៍ទៀត ក្រុមហ៊ុន Cadillac នឹងចាប់ផ្តើមបើកឲ្យបញ្ជាទិញរថយន្ត Escalade ជំនាន់ថ្មី ប៉ុន្តែមិនទាន់បានបញ្ជាក់តម្លៃជាផ្លូវការនៅឡើយទេ។
ទោះជាយ៉ាងណា គេហទំព័រ CadillacSociety អះអាងថា ពួកគេទទួលបានតម្លៃផ្លូវការហើយ ដោយចាប់ពី ៧៦ ១៩៥ដុល្លារ សម្រាប់ប្រភេទ Base Model នៅលើទីផ្សារសហរដ្ឋអាមេរិក។ តម្លៃនេះនឹងធ្វើឲ្យ Escalade ឆ្នាំ២០២១ ថ្លៃជាងស៊េរីមុន ១ ០០០ដុល្លារប៉ុណ្ណោះ។
ក្រៅពី Base Model រថយន្ត SUV ប្រណីតរបស់អាមេរិកខាងលើ ក៏មានផ្តល់ជម្រើសដូចជា Escalade Sport តម្លៃចាប់ពី ៨៥ ៥៩៥ដុល្លារ និង Escalade Premium Luxury តម្លៃ ៨៥ ៦៩៥ដុល្លារ។
រថយន្ត Cadillac Escalade ស៊េរីឆ្នាំ២០២១ បំពាក់ម៉ាស៊ីន ២ប្រភេទ គឺចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧៧សេះ និង ចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤២០សេះ។ ពួកវាប្រើប្រអប់លេខអូតូ ១០វគ្គ ហើយមានទាំងជម្រើសប្រើប៉ុងមួយ និងប៉ុងពីរ៕