Honda Civic e:HEV hybrid ចេញលក់នៅថៃ តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការចេញលក់ជាផ្លូវការនូវរថយន្ត Civic e:HEV ស៊េរីឆ្នាំ ២០២២ ជាមួយនឹងការបំពាក់ម៉ាស៊ីន Hybrid សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

រូបរាងរបស់រថយន្ត Honda Civic e:HEV រចនាទ្បើងបែបស្ព័រជាមួយនឹងប៉ាណាមុខក្រូម៉េ, កាងខាងមុខមានឡូហ្គូ RS , ចង្កៀងមុខ-ក្រោយប្រភេទ LED ជាមួយអំពូលជួយបំភ្លឺពេលថ្ងៃ DRL, អំពូលកាត់អ័ព្ទ, កញ្ចក់ចំហៀងពណ៌ខ្មៅ,  អង់តែនខ្មៅឆ្លាម, spoiler ខាងក្រោយពណ៌ខ្មៅ និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញជាដើម។

ពាណិជ្ជកម្ម

រីឯផ្នែកខាងក្នុងវិញរថយន្តនេះបានបំពាក់អេក្រង់ឌីជីថល TFT ទំហំ ១០,២អ៊ីញ, អេក្រង់ប្រព័ន្ធកម្សាន្តប្រភេទ Advanced Touch ភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto, Wireless Charger, ប្រព័ន្ធគ្រប់គ្រង់ម៉ាស៊ីនត្រជាក់អូតូ និង Honda CONNECT។ បន្ថែមពីនេះរថយន្ត Honda Civic e:HEV ក៏បានបំពាក់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាព Honda SENSING ផងដែរ។

ដោយទ្បែកចំពោះថាមពលវិញ Honda Civic e:HEV បានប្រើប្រាស់ម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ដំណើរការជាមួយនឹងម៉ូទ័រអគ្គិសនី ២ ភ្ជាប់មកជាមួយនឹងប្រអប់លេខអូតូ E-CVT។

សូមបញ្ជាក់ថារថយន្ត Honda Civic e:HEV ស៊េរីឆ្នាំ ២០២២ បានដាក់លក់នូវចំនួន ២ជម្រើសម៉ូឌែលរួមមាន៖ Honda Civic e:HEV LE+ តម្លៃប្រហែល ៣៤ ២០៥ ដុល្លារ និង Honda Civic e:HEV RS  តម្លៃ ៣៧ ៧៧៥ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

Sponsored