[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការបញ្ចេញវីដេអូរយៈពេល ១១ នាទីពីរោងចក្រ Yorii Automobile Plant នៅ Saitama ជាកន្លែងដែលរថយន្ត Type R កំពុងត្រូវបានផលិតក្នុងប្រទេសជប៉ុន។
វីដេអូនេះ បង្ហាញឲ្យយើងឃើញពីកាឆ្លងកាត់គ្រប់ជំហាននៃដំណើរការផលិត ដោយបង្ហាញពីបន្ទះតួខ្លួនផ្សេងៗ ការលាបពណ៌ ការផ្គុំសមាសធាតុមេកានិច រួមទាំងម៉ាស៊ីន និងការរៀបចំផ្នែកខាងក្នុង។ ដូចទៅនឹងរថយន្តទំនើបៗដែរ ការផលិតរបស់ Type R ត្រូវបានសម្រួលដោយជំនួយពីបច្ចេកវិជ្ជាដ៏ទំនើបៗផងដែរ។
ទោះបីជាមានការចែករំលែកតួគ្រោងជាមួយនឹងរថយន្ត Civic hatchback ក៏ដោយក៏ Type R មានលក្ខណៈពិសេសជាច្រើនដែលត្រូវបានរចនាឡើងយ៉ាងពិសេស។ ទាំងនេះរួមមានរបាំងការពារភក់ទំហំធំ, កាងបែបស្ព័រដែលមានរន្ធខ្យល់ចេញចូលធំជាងមុន គម្របម៉ាស៊ីនដែលមានរន្ធខ្យល់ និងកាងខ្យល់ខាងក្រោយ។
ក្នុងនោះរថយន្ត Civic Type R ក៏ទទួលបានការលាយពណ៌ពិសេសផងដែរ រួមមានពណ៌ស (Championship White), ក្រហម (Rallye Red), ខៀវ (Boost Blue), ខ្មៅ (Crystal Black Pearl) និងប្រផេះ (Sonic Grey Pearl)។ ចំណុចលេចធ្លោមួយទៀតគឺបំពង់ស៊ីមាំង ៣។ ចំណែកផ្នែកខាងក្នុងវិញ យើងអាចឃើញការបំពាក់កម្រាលព្រំក្រហម កៅអី និងប្រអប់លេខជាដើម។
វីដេអូនេះបញ្ចប់ដោយរថយន្តរំកិលចេញពីរោងចក្រផលិតកម្ម និងឆ្លងកាត់ការធ្វើតេស្តជាបន្តបន្ទាប់លើម៉ាស៊ីន ប្រព័ន្ធ suspension ជាដើម ដើម្បីធានាថាប្រព័ន្ធទាំងអស់ដំណើរការល្អ។ បន្ទាប់មករថយន្តទាំងនោះត្រូវបានដឹកតាមរថយន្តដឹកជញ្ជូនទៅកន្លែងហាងចែកចាយ។
រោងចក្រ Yorii Automobile Plant នៅ Saitama មានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ២៥០ ០០០ គ្រឿង។ Honda នឹងផលិតរថយន្ត Civic Type R ដំបូងចំនួន ៤០០ គ្រឿងក្នុងមួយខែ ដែលមានន័យថាអតិថិជនជនជាតិជប៉ុននឹងត្រូវរង់ចាំរហូតដល់ទៅ ៦ ខែដើម្បីទទួលបានការចែកចាយ។
Honda Civic Type R ជំនាន់ទី ៦ ត្រូវបានដាក់បង្ហាញក្នុងខែកក្កដា ឆ្នាំ ២០២២ ។ ម៉ូដែលនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ផលិតកម្លាំងបាន ៣១៥ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ៕