ឡានជប៉ុនធន់មែន! Lexus LS400 មួយគ្រឿង ជិះបានជិត ២ លានគ.ម៉ មិនទាន់អីទៀត

លោក Matt Farah ដែលជាស្ថាបនិក​នៃ​គេហទំព័រ The Smoking Tire បាន​ទិញ​រថយន្ត Lexus LS400 ស៊េរី​ឆ្នាំ ១៩៩៦ មួយ​គ្រឿង កាល​ពី ៥ ឆ្នាំ​មុន ដោយ​ពេល​នោះ​វា​ត្រូវ​បាន​គេ​ប្រើ​ចម្ងាយ ៨៥០ ០០០ ម៉ាយ៍ (១ ៣៦៧ ៩៤២ គីឡូម៉ែត្រ) រួច​ទៅ​ហើយ។

ចាប់​តាំង​ពី​ពេល​នោះ​មក លោក Matt បាន​ដាក់​ជួល​រថយន្ត​នោះ​ទៅ​ឲ្យ​អ្នក​ដែល​មាន​គម្រោង​ធ្វើដំណើរ​ទៅ​ផ្លូវឆ្ងាយៗ។ ជា​ការ​ពិត​ណាស់ ស្ថាបនិក​រូប​នេះ​មាន​គោលបំណង​ចង់​ឲ្យ​រថយន្ត Lexus ខាង​លើ ឈាន​ចូល​កុងទ័រ​លេខ ១ លានម៉ាយ៍។

ពាណិជ្ជកម្ម

គិត​រហូត​មក​ទល់​ពេល​នេះ រថយន្ត​ប្រភេទ Sedan របស់​ជប៉ុន​នោះ​ ត្រូវ​បាន​គេ​ប្រើ​ចម្ងាយ ៩៩៩ ៣៦៩ ម៉ាយ៍ (១ ៦០៨ ៣២៨ គីឡូម៉ែត្រ) ទៅ​ហើយ ពោល​គឺ​នៅ​ខ្វះ​តែ ៦៣១ ម៉ាយ៍ (១ ០១៥ គីឡូម៉ែត្រ) ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​វា​នៅ​តែ​អាច​ដំណើរការ​បាន​យ៉ាង​ល្អ។

Lexus LS400 ស៊េរី​ចាស់​មួយ​គ្រឿង​នេះ ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៤,០ លីត្រ ទំហំ ៨ ស៊ីឡាំង (V8) មាន​កម្លាំង ២៦០ សេះ ដំណើរការដោយ​ប្រអប់លេខ​អូតូ ៤ វគ្គ ជាមួយ​នឹង​ប្រព័ន្ធ​បើកបរ​ប៉ុង​មួយ​វិល​កង់​ក្រោយ RWD។ ម៉ាស៊ីន​ដ៏​ពិសេស​នេះ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ខ្លាំង​ណាស់ ដោយ​សារ​តែ​គុណភាព និង​ភាព​ធន់​ដ៏​ល្អឥតខ្ចោះ​របស់​វា៕

Sponsored