ចំនួននៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ មានតម្លៃខុសៗទៅតាមប្រភេទរថយន្ត ទំហំស៊ីឡាំង និងឆ្នាំផលិត។ នេះបើយោងតាមប្រកាសស្តីពី ពន្ធលើមធ្យោបាយដឹកជញ្ជូន។
សម្រាប់រថយន្តចំហេះក្នុង ដែលជារថយន្តសាំង និងម៉ាស៊ូត មានចំនួនបង់ពន្ធទាបំផុត ៨ម៉ឺនរៀល រហូតដល់ខ្ពស់បំផុត ២លានរៀល។ រថយន្តដែលត្រូវបង់ពន្ធផ្លូវត្រឹមតែ ៨ម៉ឺនរៀល គឺជារថយន្តដែលផលិត ឬមានអាយុកាលលើសពី ១០ឆ្នាំ និងមានទំហំស៊ីឡាំង ដល់ត្រឹម ១៥០០សង់ទីម៉ែត្រគូប។ ចំណែករថយន្តដែលត្រង់បង់ពន្ធដល់ ២លានរៀល គឺមានឆ្នាំផលិតត្រឹមរយៈពេល ៥ឆ្នាំចុះក្រោម និងមានទំហំស៊ីឡាំងចាប់ពី ៤០០០សង់ទីម៉ែត្រគូបឡើងទៅ។

ដោយឡែករថយន្តអគ្គិសនីវិញ ការបង់ពន្ធផ្លូវគិតពីកម្លាំងសេះ (HP) របស់ម៉ូទ័រអគ្គិសនី និងឆ្នាំផលិត ដែលមានចំនួនបង់ពន្ធទាបបំផុត ៦ម៉ឺនរៀល រហូតដល់ខ្ពស់បំផុត ៨០ម៉ឺនរៀល។ រថយន្តអគ្គិសនី ដែលបង់ពន្ធត្រឹម ៦ម៉ឺនរៀល គឺមានឆ្នាំផលិតលើសពី ១០ឆ្នាំ និងមានកម្លាំងដល់ត្រឹម ១៥០សេះ។ ឯរថយន្តដែលត្រូវបង់ពន្ធដល់ ៨០ម៉ឺនរៀល គឺមានឆ្នាំផលិតត្រឹម ៥ឆ្នាំចុះក្រោម និងមានកម្លាំងលើសពី ៣០០សេះឡើងទៅ។

ត្រង់ចំណុចនេះ គួរបញ្ជាក់បន្ថែមដែរថា នៅពេលលោកអ្នកឆែក Spec របស់ម៉ូទ័ររថយន្តអគ្គិសនីនោះ បើវាបង្ហាញចេញជាខ្នាតគីឡូវ៉ាត់ (KW) គឺលោកអ្នកគ្រាន់តែប្រើប្រាស់កម្មវិធីបម្លែងខ្នាតឲ្យទៅជាខ្នាតកម្លាំងសេះ HP វិញតែប៉ុណ្ណោះ នឹងបានដឹងពីចំនួនទឹកប្រាក់ដែលត្រូវបង់ពន្ធផ្លូវ ដូចការរៀបរាប់ខាងលើនេះហើយ។

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ការបង់ពន្ធផ្លូវនេះ ធ្វើឡើងចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមទីតាំងដូចជា អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដៃគូជាច្រើនទៀត។ ជាមួយគ្នានេះ ក៏អាចបង់តាមរយៈកម្មវិធី GDT Taxpayer App ផងដែរ សម្រាប់យានយន្តដែលធ្លាប់បង់ពន្ធកន្លងមក។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់យានយន្តនឹងត្រូវទទួលរងការពិន័យបង់ពន្ធបន្ថែមគុណនឹង២ ពោលគឺស្មើនឹង ១០០ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់៕



















