[ទីផ្សារបរទេស] កាលពីដើមឆ្នាំកន្លងទៅ មានការរាយការណ៍ថាក្រុមហ៊ុន General Motor បានទទួលការកក់សរុបជាង ១៧ម៉ឺនគ្រឿងសម្រាប់រថយន្តភីកអាប់អគ្គិសនី Hummer EV និង Silverado EV ហើយពេលនេះក្រុមហ៊ុនបានឲ្យដឹងថា Silverado EV តែឯងបានទទួលការកក់រហូតដល់ ១៤ម៉ឺនគ្រឿងទៅហើយ។
តួលេខនៃការកក់នេះត្រូវបានអះអាងដោយ Mary Barra នាយកប្រតិបត្តិក្រុមហ៊ុន General Motor នៅក្នុងអំឡុងការបង្ហាញអំពីចំណូលប្រចាំត្រីមាសទីមួយនៃឆ្នាំ២០២២នេះ។ ជាមួយការទទួលបានការកក់ដ៏ច្រើនសន្ធឹកនេះ អាចឲ្យ Chevrolet រីករាយបានចំពោះការចាប់អារម្មណ៍លើរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួន ប៉ុន្តែយ៉ាងណា Ford នៅតែទទួលឈានមុខគេលើរថយន្តភីកអាប់អគ្គិសនី។
ក្រុមហ៊ុន Ford បានបិទលែងទទួលការកុម្ម៉ង់ថ្មីលើរថយន្ត F-150 Lightning កាលពីខែធ្នូ នៅពេលដែលការកក់បានឡើងដល់ ២០ម៉ឺនគ្រឿង ហើយការផលិតរថយន្តភីកអាប់នេះដែរបានចាប់ផ្ដើមជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះឯង។
គួរដឹងថា Silverado EV នឹងត្រូវដាក់លក់តម្លៃចាប់ពី ៣៩ ៩០០ដុល្លារ ឡើងដល់ ១០៥ ០០០ដុល្លារ ដោយក្នុងនោះប្រភេទ Work Truck អាចផលិតកម្លាំងបាន ៥១០សេះ និងប្រភេទ RST អាចផលិតកម្លាំងបាន ៦៦៤សេះ ខណៈដែលរយៈចម្ងាយបើកបររំពឹងថាបានចម្ងាយជាង ៦០០គីឡូម៉ែត្រ៕