ឡានវែ់ន Kia Carnival ស៊េរីឆ្នាំ ២០២១ ប្ដូររូបរាងថ្មី កាន់តែទាក់ទាញខ្លាំង

រថយន្ត Kia Carnival ស៊េរី​ឆ្នាំ ២០២១ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​មាន​ការ​ឌីហ្សាញ​ទាក់ទាញ​ជាង​មុន បើ​ប្រៀប​ធៀប​នឹង​រថយន្ត​ជំនាន់​មុន។

នៅ​ផ្នែក​ខាង​មុខ​ Kia បាន​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​ផ្ទាំង​ប៉ាណា​ដែល​មាន​រាង​ដូច​ជា​ច្រមុះ​ខ្លា និង​មាន​ឈុត​អំពូល​ភ្លើង​រាង​ស្រួច​ អម​ជា​មួយ​អំពូល​បំភ្លឺ​ពេល​ថ្ងៃ​ដែល​សុទ្ធ​តែ​ជា​ប្រភេទ​ LED។ ចំណែក​នៅ​ផ្នែក​ខាង​ក្រោយ​វិញ​មាន​បំពាក់​អំពូល​​ឲ្យ​សញ្ញា​ត​ជាប់​គ្នា​ជា​ខ្សែ​មួយ​ដ៏​វែង​តែ​ម្ដង ដែល​ខុស​ប្លែក​ពី​ជំនាន់​មុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជា​មួយ​ការ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី​ឈ្មោះ​ថា​ Grand Utility Vehicle ធ្វើ​ឲ្យ​រថយន្ត​ Carnival ជំនាន់​ថ្មី​នេះ​មាន​ប្រវែង​វែង​ជាង​មុន ៤០​ម.ម និង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​វែង​ជាង​មុន ៣០​ម.ម ផ្ដល់​ទំហំ​កាន់​តែ​ទូលាយ​នៅ​ផ្នែក​ខាង​ក្នុង។

នៅ​កូរ៉េ​ខាង​ត្បូង​រថយន្ត Carnival មាន​ជម្រើស​ម៉ាស៊ីន​ច្រើន​ប្រភេទ​រួម​មាន​ម៉ាស៊ីន​ម៉ាស៊ូត ២,២លីត្រ (កម្លាំង ១៩៩សេះ) ម៉ាស៊ីន​សាំង ៣,៥លីត្រ​ប្រភេទ MPi (កម្លាំង ២៦៨សេះ) និង​ម៉ាស៊ីន​សាំង ៣,៥លីត្រ​ប្រភេទ Gdi (កម្លាំង ២៩០សេះ)។ ម៉ាស៊ីន​ទាំង​នេះ​គួប​ផ្សំ​ជា​មួយ​ប្រអប់​លេខ​អូតូ​៨វគ្គ​ដូចៗ​គ្នា។

Kia នឹង​បញ្ចេញ​លក់​រថយន្ត Carnival ថ្មី​នេះ នា​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០២០ នេះ សម្រាប់​ទីផ្សារ​កូរ៉េ​ខាង​ត្បូង​ ​ហើយ​ទីផ្សារ​ដទៃ​ទៀត​អាច​នឹង​ចាប់​ផ្ដើម​នា​ចុង​ឆ្នាំ​នេះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម