ឡានអគ្គិសនីថ្មីរបស់ឥណ្ឌា តម្លៃត្រឹម១ម៉ឺនដុល្លារ ជិះបានជាង ២០០គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុន Tata Motors បាន​ប្រកាសចេញរថយន្ត​អគ្គិសនីថ្មី​សម្រាប់​ទីផ្សារក្នុងស្រុក ជារថយន្ត​អគ្គិសនីធូរថ្លៃ​ជាងគេក្នុងប្រទេស ដោយមានតម្លៃចាប់ពីខ្ទង់ ១ម៉ឺនដុល្លារប៉ុណ្ណោះ។

រថយន្ត Tiago EV ដែលជាប្រភេទអគ្គិសនីនៃរថយន្ត Tiago Hatchback ជារថយន្តលក់ដាច់បំផុតនោះ មាន​តម្លៃ​លក់​ត្រឹម ១០ ៣៧០​ដុល្លារ ដែល​វាអាចបើកបរបានចម្ងាយ ២៥០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ និងអាចផលិតកម្លាំងបាន ៦០សេះ។ វា​ក៏​មាន​ប្រភេទបើកបរបានចម្ងាយ ៣១៥គីឡូម៉ែត្រ ដែលផលិតកម្លាំងបាន ៧៤សេះផងដែរ។

ពាណិជ្ជកម្ម

Tiago EV នេះមានប្រភេទ XZ+ Tech Lux ជាប្រភេទកប់លេខ មានតម្លៃ​ក្រោម ១៥ ០០០​ដុល្លារ ដោយ​មាន​ម៉ាស៊ីន​ត្រជាក់​ស្វ័យ​ប្រវត្តិ, ផ្លិតទឹកប្រើ Sensor, ភ្លើងបំភ្លឺដំណើរការបែបស្វ័យប្រវត្តិ, មុខងារ Cruise Control និងមុខ​ងារ​កាមេរ៉ា​មើល​ក្រោយ​សម្រាប់ចតជាដើម។

Tata នឹង​ចាប់​ផ្ដើម​ទទួលការកុម្ម៉ង់រថយន្ត Tiago EV ចាប់ពីថ្ងៃទី១ ខែតុលា ហើយការដឹកជញ្ជូននឹងចាប់​ផ្ដើម​នៅ​ខែមករា ខណៈដែល​តម្លៃ ១០ ៣៧០ដុល្លារ នេះគឺសម្រាប់តែអតិថិជន ១ម៉ឺននាក់ដំបូងប៉ុណ្ណោះ៕

Sponsored