ឡានអគ្គិសនីថ្មីរបស់ Hyundai ទទួលបានការចាប់ចិត្តមិនធ្លាប់មាននៅអឺរ៉ុប

2939

ក្រុមហ៊ុន Hyundai បានប្រកាសឲ្យដឹងថារថយន្តអគ្គិសនីថ្មីម៉ូដែល Ioniq 5 របស់ខ្លួន ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅអឺរ៉ុប ដោយចាប់តាំងពីពេលបង្ហាញវត្តមានមកមានការសួរនាំលម្អិតអំពីរថយន្តនេះពីសំណាក់អតិថិជនចំនួន ២៣៦ ០០០នាក់ ជាតួលេខខ្ពស់បំផុតមួយសម្រាប់រថយន្ត Hyundai ម៉ូដែលថ្មី។

Ioniq 5 គឺជារថយន្តដំបូងគេរបស់ Hyundai ដែលផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងដែលបង្កើតឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនីផ្ទាល់ ហើយវាក៏ជាម៉ូដែលដំបូងនៃម៉ាកសាខា Ioniq របស់ Hyundai ផងដែរ។

Sponsored

Ioniq 5 នេះនឹងមានជម្រើសអាគុយចំនួនពីរប្រភេទគឺទំហំ ៥៨kWh និងទំហំ ៧២,៦kWh។ ប្រភេទដែលមានកម្លាំងខ្លាំងជាងគេអាចផលិតកម្លាំងបាន ៣០២សេះ ហើយស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេល ៥,២វិនាទី។ សម្រាប់ប្រភេទអាគុយ ៧២,៦kWh អាចបើកបរបានចម្ងាយប្រមាណពី ៤៧០ ទៅ ៤៨០គីឡូម៉ែត្រពេលសាកភ្លើងពេញ។

មុខងារលេចធ្លោមួយរបស់រថយន្តអគ្គិសនីថ្មីនេះគឺសមត្ថភាពសាកកម្លាំង ៨០០វ៉ុល ដោយពេលដែលដោតជាមួយដុំសាក ៣៥០kW អាចឲ្យរថយន្តនេះសាកបញ្ចូលភ្លើងពី ៥% ឡើងដល់ ៨០% ក្នុងពេលត្រឹម ១៨នាទី ហើយសាកថ្មតែ ៥នាទីអាចជិះបានចម្ងាយ ១០០គីឡូម៉ែត្រ៕

Sponsored