ឡានអគ្គិសនីសុទ្ធដំបូងរបស់ Nissan នឹងត្រូវអស់ជីវិតឆាប់ៗ

[ទីផ្សារបរទេស] ពេលវេលា​របស់រថយន្ត Nissan LEAF ដែលជារថយន្តអគ្គិសនីសុទ្ធដំបូងគេរបស់ក្រុមហ៊ុនដែលប្រកាសចេញ​ដំបូងកាលពីឆ្នាំ២០១០ ជិតដល់ពេលបញ្ចប់ហើយ។

ផ្អែកតាមការចុះផ្សាយរបស់ Automotive News បាន​ឲ្យដឹងថារថយន្ត Nissan LEAF នឹងត្រូវបញ្ឈប់ការផលិតនៅអំឡុងឆ្នាំ​២០២៥ ដែល​មាន​ន័យថា​នៅ​សល់តែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ។ ប្រភពដដែលលើកឡើងថានឹងមិនមានរថយន្ត Nissan LEAF ​ជំនាន់​ថ្មី​ចូលមក​ជំនួសនោះទេ ប៉ុន្តែនឹងមានជារថយន្តម៉ូដែលថ្មីសន្លាងចូលមកជំនួសវិញ។

ពាណិជ្ជកម្ម

​ទន្ទឹមនឹងដំណឹងនេះ គេបានដឹងថា​រោងចក្រ Sunderland នៅ​ឯចក្រភព​អង់គ្លេស គឺមាន​រថយន្ត​អគ្គិសនី​កំពុងត្រៀម​ខ្លួន​ផលិត ដោយប្រើប្រាស់​គ្រោងឆ្អឹង CMF-EV ដែលរថយន្តនេះនឹងត្រូវផលិតជំនួសរថយន្ត LEAF អាចចាប់​ផ្ដើម​នៅ​អំឡុង​ឆ្នាំ​២០២៥។

រថយន្ត Nissan LEAF ធ្លាប់លក់ចេញបានច្រើនបំផុតលើទីផ្សារអាមេរិកគឺនៅឆ្នាំ២០១៤ ដែលលក់ចេញបាន ៣០ ២០០​គ្រឿង ហើយ​បច្ចុប្បន្នចំនួនលក់របស់វាបានធ្លាក់ចុះ​ដោយមិនស្មើពាក់កណ្ដាលនឹងចំនួនលក់ដែលទទួលបានកាលពីឆ្នាំ​២០១៤ផង។

ត្រឹមឆ្នាំ​២០៣០ ក្រុមហ៊ុន Nissan ចង់​បង្កើន​ចំនួន​រថយន្តអគ្គិសនី​សុទ្ធឲ្យបាន​ដល់ ១៥ម៉ូដែល ហើយក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុន​មាន​គោលដៅ​ចង់ឲ្យរថយន្តអគ្គិសនីសុទ្ធមាន​ចំណែក ៤០% នៃចំនួនលក់រថយន្តថ្មីនៅ​ត្រឹម​ឆ្នាំ​២០៣០៕

Sponsored