ឡានអគ្គិសនី Genesis G80 ២០២៣ ចេញលក់នៅសហរដ្ឋអាមេរិក ជាមួយតម្លៃខ្ទង់ ៨ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់កូរ៉េ Genesis បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្កីសនី Genesis G80 ស៊េរីឆ្នាំ ២០២៣ ជាមួយតម្លៃលក់ប្រហែលចាប់ពី ៧៩ ៨២៥ ដុល្លារ ជាមួយថ្លៃដឹកជញ្ចូន ១ ០៩៥ ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះ ក្រុមហ៊ុន Genesis ក៏បានប្រកាសពីការពង្រីកការលក់រថយន្តអគ្គិសនីរបស់ខ្លួនទៅកាន់រដ្ឋចំនួនបួនបន្ថែមទៀតនៅក្នុងសហរដ្ឋអាមេរិក។

សម្រាប់រថយន្តអគ្គិសនី Genesis G80 ស៊េរីឆ្នាំ ២០២៣ ដំបូងបង្អស់របស់ក្រុមហ៊ុននេះ នឹងត្រូវបានផ្តល់ជូនក្នុងកម្រិត Trim តែមួយប៉ុណ្ណោះ ដែលជាម៉ូដែល All-wheel-drive ជាមួយនឹងម៉ូទ័រអគ្គិសនីខាងមុខ និងខាងក្រោយ។

ពាណិជ្ជកម្ម

រថយន្តនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីររបស់ G80 អាចផលិតកម្លាំងបាន ៣៦៥ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៧,២ គីឡូវ៉ាត់ម៉ោង ជាមួយមុខងារសាកថ្មល្បឿនលឿនពី ១០% ទៅ ៨០% ក្នុងរយៈពេល ២២ នាទី និងអាចបើកបរបានចម្ងាយប្រហែល ៤៥៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។ វាក៏មានភ្ជាប់មកជាមួយដំបូលថាមពលពន្លឺព្រះអាទិត្យទៀតផង។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Genesis ក៏បានប្រកាសថា ខ្លួននឹងដាក់បង្ហាញររថយន្តអគ្គសិនី នៅក្នុងរដ្ឋចំនួនបួនបន្ថែមទៀតរបស់សហរដ្ឋអាមេរិកគឺ Arizona, Nevada, Utah និង Washington ដែលចំនួនសរុបកើនឡើងដល់ ៨ រដ្ឋ។

គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលបានទិញរថយន្តអគ្គិសនី Genesis G80 និង GV60 ក៏នឹងទទួលបាននៅភាពជាដៃគូរវាង Genesis Motors America និង Electrify America ផងដែរ។ ដោយម្ចាស់រថយន្តនីមួយៗ នឹងទទួលបានការបញ្ចូលថ្មឥតគិតថ្លៃរយៈពេល ៣០ នាទី ក្នុងរយៈពេល ៣ ឆ្នាំគិតចាប់ពីថ្ងៃទិញរថយន្ត៕

Sponsored