ក្រុមហ៊ុន Toyota កើនឡើងច្រើនជាង ៩% នៃការលក់ជាសាកលក្នុងខែសីហា ឆ្នាំ ២០២៣

[បរទេស] ក្រុមហ៊ុនផលិតរថយន្តជប៉ុនបង្ហាញតួលេខការលក់របស់ Toyota, Hino, និង Daihatsu រួមបញ្ចូលគ្នាលក់រថយន្តបានចំនួនសរុប ៩២៣ ១៨០ គ្រឿងក្នុងខែសីហា កើនឡើង ៩,៤% ធៀបនឹងខែសីហា នៅក្នុងឆ្នាំ ២០២២ ហើយរួមបញ្ចូលការលក់រថយន្តបានចំនួន ៧៥៧ ៦០២ គ្រឿងនៅក្រៅប្រទេសជប៉ុន។ ក្នុងនោះ Toyota បានលក់រថយន្តចំនួន ៨៥៣ ២៨៥ គ្រឿងក្នុងខែសីហា កើនឡើង ៩,៨% ហើយក្នុងចំណោមរថយន្តចំនួន ៧៣២ ៨៥៩ គ្រឿងត្រូវបានលក់នៅក្រៅទីផ្សារ។

ជាមួយគ្នានេះ ផលិតកម្មក៏បានកើនឡើងផងដែរនៅក្នុងខែសីហា ដោយ Toyota, Hino និង Daihatsu បានផលិតរថយន្តចំនួន ៩២៤ ៥០៩ គ្រឿងពេញមួយខែ។ ក្នុងចំណោមនោះ ៧៩៨ ៧៧១ គ្រឿងជារថយន្តរបស់ Toyota កើនឡើង ៤,១% ពីខែសីហា ឆ្នាំ ២០២២។ ប៉ុន្តែការផលិតរថយន្តរបស់ Toyota នៅក្រៅប្រទេសជប៉ុនបានធ្លាក់ចុះមកត្រឹម ៥៦០ ០៥២ គ្រឿង ខណៈផលិតកម្មនៅក្នុងប្រទេសជប៉ុនបានកើនឡើងគួរឱ្យកត់សម្គាល់ ២១,៨% ស្មើនឹង ២៣៨ ៧១៩ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុន Toyota បានលក់រថយន្តបានចំនួនសរុបដល់ទៅ ៦ ៦៥០ ៤២៤ គ្រឿងក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០២៣ ដោយ Daihatsu លក់បានចំនួន ៥២១ ២៨៧ គ្រឿង និង Hino លក់បានចំនួន ៨៩ ៦៥៤ គ្រឿង។ ការលក់រថយន្តរបស់ Toyota នៅក្រៅប្រទេសជប៉ុនបានកើនឡើង ១,៥% ស្មើនឹង ៥ ៥១០ ៦០៦ គ្រឿង ខណៈដែលរថយន្តនៅក្នុងប្រទេសជប៉ុនបានកើនឡើង ៣៤,៦% ស្មើនឹង ១ ១៣៩ ៨១៩ គ្រឿង។ ការលក់ Toyota និង Lexus កើនឡើង ៣% នៅអឺរ៉ុប និង ៦៣%% នៅកូរ៉េខាងត្បូង ប៉ុន្តែធ្លាក់ចុះ ៤% នៅអាស៊ី និង ៦% នៅចិន។

គួរបញ្ជាក់ផងដែរថា ទោះបីកើនឡើងនៅចំនួន​ការលក់ក៏ដោយ សម្រាប់រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​របស់ Toyota​ នៅ​មាន​ចំនួន​តិច ដោយលក់រថយន្តអគ្គិសនី EV បានត្រឹមតែ ១១ ៨៨០ គ្រឿង និងរថយន្តអគ្គិសនី BEV លក់បាន ៦៥ ៤៦៧ គ្រឿង នៅក្នុងខែសីហា ឆ្នាំ ២០២៣ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម