[ទីផ្សាររថយន្តបរទេស] តម្លៃទីផ្សាររបស់ក្រុមហ៊ុន Ford Motor បានឡើងដល់ ១០០ ពាន់លានដុល្លារជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអ្នកវិនិយោគជាច្រើនបានភ្នាល់លើយុទ្ធសាស្ត្ររថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Ford ដែលមានតម្លៃកើនឡើងជាង ២ដងកាលពីឆ្នាំមុន បានកើនឡើង ៣,៧ ភាគរយនៅក្នុងការជួញដូរពេលរសៀល បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់ជាងពីរទសវត្សរ៍មុន។
បច្ចុប្បន្នក្រុមហ៊ុន Ford មានតម្លៃលើសពីគូប្រជែងដែលមានអាយុកាលរាប់សតវត្សរបស់ខ្លួន គឺក្រុមហ៊ុន General Motors ដែលតម្លៃទីផ្សារមានប្រហែល ៨៨,៦១ ពាន់លានដុល្លារអាមេរិក និងក្រុមហ៊ុន Rivian Automotive ដែលជាក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្មរថយន្តអគ្គិសនី ដែលមានតម្លៃប្រហែល ៧៧,៨ ពាន់លានដុល្លារអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្ត Ford នៅតែឈរពីក្រោយអ្នកឈានមុខគេផ្នែករថយន្តអគ្គិសនី Tesla ដែលមានទីផ្សារជាង ១ទ្រីលានដុល្លារឯណោះ។
យ៉ាងណាមិញ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៤,៧ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមហ៊ុន Tesla បានធ្វើបច្ចុប្បន្នភាពគេហទំព័រ ផ្នែកគំរូរថយន្ត Cybertruck ដើម្បីលុបចេញឯកសារយោងនៃរថយន្តនេះ៕