[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញរថយន្ត Mustang ជំនាន់ទី ៧ ជាមួយរូបរាង Pony ដ៏ល្បីនៅការរចនាថ្មីទាំងខាងក្នុង និងខាងក្រៅ។ ជាមួយគ្នានេះ Ford ក៏បានបង្ហាញនៅម៉ូដែល Dark Horse ជំនាន់ថ្មីផងដែរ។ ប៉ុន្តែការគំនូរព្រាងផ្លូវការពីក្រុមហ៊ុន Blue Oval បង្ហាញការរចនាជម្រើសដ៏ទាក់ទាញមួយសម្រាប់រថយន្ត ពោលគឺរថយន្តប្រភេទ Sedan ទ្វារបួន។
គំនូរព្រាងទាំងនេះបានមកពីលោក Christopher Stevens របស់ក្រុមហ៊ុន Ford ដែលជាអ្នករចនាផ្នែកខាងក្រៅជាន់ខ្ពស់របស់ក្រុមហ៊ុន។
គំនូរព្រាងនេះស្ថិតក្នុងចំណោមការរចនារថយន្ត Mustang ដ៏គួរឲ្យទាក់ទាញផ្សេងទៀត ជាមួយនឹងគំនូរចំនួនពីរដែលពណ៌នាអំពីរថយន្តប្រភេទ Coupe ជាមួយនឹងគំនូររាងអក្សរ C ដូចរថយន្ត Bugatti ជាដើម។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Mustang ដែលបានរចនាឡើងវិញនឹងបំពាក់ម៉ាស៊ីនថ្មីទាំងស្រុងចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ ស៊ីឡាំង និងម៉ាស៊ីនចំណុះ ៥,០ លីត្រ V8 ដែលត្រូវបានធ្វើឲ្យល្អប្រសើរ។ ក្នុងនោះ Ford បានផ្តល់ប្រអប់លេខអតូតែមួយគត់សម្រាប់ម៉ាស៊ីនទំហំ ៤ ស៊ីឡាំង ខណៈពេលដែលអ្នកដែលចង់ដាក់ប្រអប់លេខដោយខ្លួនឯង នឹងត្រូវដំឡើងទៅជាម៉ូដែល GT ដែលដំណើរការដោយ V8 ដែលមានជម្រើសទាំងពីរ។
រថយន្ត Ford Mustang ស៊េរីឆ្នាំ ២០២៤ ដែលត្រូវបានរចនាឡើងវិញនឹងដាក់លក់នៅរដូវក្តៅក្រោយ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Ford មិនទាន់បានប្រកាសពីកម្លាំងសម្រាប់រថយន្ត Mustang ស៊េរីថ្មីនោះទេ។ រំពឹងថាក្រុមហ៊ុន Ford នឹងបង្ហាញពីលេខដំណើរការរបស់រថយន្ត និងព័ត៌មានតម្លៃកាន់តែជិតទៅនឹងកាលបរិច្ឆេទដាក់លក់របស់រថយន្តនៅឆ្នាំ ២០២៣៕