ឃើញកើបលុយស្រួល Aston Martin ត្រៀមថែមឡាន DBX ចំនួន៦ប្រភេទទៀត

វត្តមានរថយន្ត SUV ដំបូងម៉ូដែល DBX បានជួយឲ្យ Aston Martin មានកំណើនការលក់រហូតដល់ ២២៤% នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១ ត្បិតថារថយន្ត DBX ទើបចេញលក់សម្រាប់ស៊េរីឆ្នាំ២០២១តែប៉ុណ្ណោះ។

បើតាមនាយកប្រតិបត្តិ Aston Martin បានឲ្យដឹងថាក្រុមហ៊ុនមានផែនការពង្រីកត្រកូលរថយន្ត DBX ឲ្យកាន់តែធំដោយនឹងបន្ថែមនូវប្រភេទ Hybrid, ប្រភេទកម្លាំងខ្លាំង ហើយនិងមានបន្ថែមរូបរាងថ្មីផងដែរ។ នៅត្រឹមឆ្នាំ២០២៤ អាចនឹងមានរថយន្ត DBX ចំនួន៥ ឬ៦ប្រភេទខុសៗគ្នា ក្នុងគ្រួសារ SUV របស់ Aston Martin។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាប់ផ្ដើមពីចុងឆ្នាំនេះ គឺនឹងមានការប្រកាសចេញរថយន្ត DBX ប្រភេទ Hybrid ថ្មី ដែលរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីន Supercharged ចំណុះ ៣,០លីត្រ និងម៉ូទ័រអគ្គិសនី ស្រដៀងនឹងអ្វីដែលមានលើរថយន្ត GLE53 Coupe របស់ Mercedes-Benz ដែរ។ ចំណែករថយន្ត DBX ប្រភេទកម្លាំងខ្លាំង នឹងប្រកាសចេញក្នុងឆ្នាំ២០២២ ដែលវានឹងក្លាយជាគូប្រជែងរបស់ Lamborghini Urus។

បន្ទាប់មកទៀត Aston Martin មានផែនការប្រកាសចេញរថយន្ត DBX ប្រភេទ Plug-in Hybrid នៅក្នុងឆ្នាំ២០២៣ ដែលវានឹងប្រើប្រាស់បច្ចេកវិទ្យា V8 Plug-in Hybrid របស់ក្រុមហ៊ុន AMG ប៉ុន្តែនឹងមានការដុសខាត់បន្តិចបន្តួច។ បច្ចេកវិទ្យានេះត្រូវបានគេដឹងថាអាចផលិតកម្លាំងបានរហូតដល់ ៨០៤សេះ ដែលវានឹងត្រូវប្រើលើរថយន្ត Mercedes-AMG GT73e ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម