[បរទេស] យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារអាមេរិកខាងជើងទើបតែបានប្រកាសថាខ្លួននឹងឧបត្ថម្ភ ១លានដុល្លារសម្រាប់ពិធីចូលមកកាន់តំណែងប្រធានាធិបតីអាមេរិកជាថ្មី របស់លោក Donald Trump នៅខែមករា ឆ្នាំ ២០២៥ ។
ក្រុមហ៊ុនផលិតរថយន្តមួយចំនួនបានចេញមុខគាំទ្រលោក Trump ដោយសារកាលពីចុងខែវិច្ឆិកា លោក Donald Trump បានប្រកាសថា លោកនឹងយកពន្ធនាំចូល ២៥% លើរថយន្តដែលផលិតក្នុងប្រទេសម៉ិកស៊ិក និងកាណាដា ដោយសារមកពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់របស់ប្រជាជនមកពីប្រទេសទាំងពីរនេះ ។
គួរឲ្យដឹងថា ក្រុមហ៊ុន Ford, GM, Stellantis, Toyota និង Honda សុទ្ធតែមានរោងចក្រនៅក្នុងប្រទេសនេះ ដោយកាលពីឆ្នាំ ២០២៣ អាចផលិតរថយន្តជាង ១,៥៤ លានគ្រឿង ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Toyota ក៏កំពុងផ្តោតលើការផលិតរថយន្តជាច្រើនម៉ូដែលនៅក្នុងប្រទេសម៉ិកស៊ិក រួមទាំងរថយន្តភីកអាប់ Tacoma ផងដែរ។
យោងតាមការប៉ាន់ស្មានរបស់គេហទំព័រ Wells Fargo បានបង្ហាញថា នៅពេលដែលពន្ធនាំចូលថ្មីត្រូវបានអនុវត្ត តម្លៃនៃគ្រឿងបន្លាស់រថយន្តមកពីប្រទេសម៉ិកស៊ិក ចិន និងកាណាដានឹងកើនឡើងពី ៦០០ ដល់ ២ ៥០០ ដុល្លារ ស្មើនឹងតម្លៃរថយន្តថ្មីនឹងកើនឡើងប្រហែល ១ ៧៥០ ដុល្លារ ដកើ ១០ ០០០ ដុល្លារក្នុងមួយគ្រឿង ៕