ចេញមុខឡានមួយ អះអាងថាជា SUV ល្បឿនលឿនជាងគេក្នុងលោក

ក្រុមហ៊ុន​ Lister Motor ​ដែល​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ​បាន​និយាយ​ថា​ខ្លួន​កំពុង​ផលិត​រថយន្ត​ SUV មួយ​គ្រឿង​ដែល​ជា​ SUV ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ​វីដេអូ​ Teaser មួយ​​បង្ហើប​អំពី​រថយន្ត​ខ្លួន។

គួរ​ដឹង​ថា​កាល​ពី​ ២ ឆ្នាំ​មុន Lister ក៏​ធ្លាប់​បាន​បង្ហាញ​រថយន្ត SUV ដែល​អះអាង​ថា​ជា​ SUV ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក​នា​ពេល​នោះ ដែល​​ជា​ម៉ូដែល Lister LFP ផលិត​ឡើង​ផ្អែក​លើ​រថយន្ត Jaguar F-Pace។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV ថ្មី​នេះ​ដែរ​មាន​ឈ្មោះ​ថា Lister Stealth ដែល​នឹង​បំពាក់​ដោយ​ម៉ាស៊ីន Supercharged ចំណុះ ៥,០ លីត្រ ៨ស៊ីឡាំង ដូច​ម៉ាស៊ីន​លើ​រថយន្ត F-Pace SVR។ យ៉ាងណាក្ដី​ដោយ​ឆ្លង​កាត់​ការ​កែ​សម្រួល​លើ​ប្រព័ន្ធ​ម៉ាស៊ីន អាច​ឲ្យ​វា​​បង្កើត​កម្លាំង​បាន​មិន​តិច​ជាង ៦៦៦ សេះ​នោះ​ទេ។ កម្លាំង​នេះ​អាច​ឲ្យ​ Lister Stealth រត់​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៣,៥ វិនាទី និង​មាន​ល្បឿន​អតិបរមា ៣២០ គ.ម/ម៉ ដែល​អាច​ឲ្យ​វា​ក្លាយ​ជា​រថយន្ត SUV ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក​បាន។

តាម​រយៈ​វីដេអូ​ខ្លី​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​រថយន្ត Lister Stealth គឺ​ផលិត​ដោយ​ផ្អែក​លើ​រថយន្ត​ Jaguar F-Pace SVR៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម