[ចំណេះដឹងយានយន្ត] នៅពេលនិយាយដល់សុវត្ថិភាពក្នុងការបើកបរ«ហ្វ្រាំង»គឺជាចំណុចសំខាន់ជាងគេក្នុងចំណោមប្រព័ន្ធសុវត្ថិភាពផ្សេងៗលើរថយន្ត។ ជាក់ស្តែង អ្នកជំនាញបានផ្តល់ដំបូន្មានថា មុនពេលធ្វើ ដំណើរផ្លូវឆ្ងាយ អ្នកបើកបរគ្រប់រូបគួរឧស្សាហ៍ឆែកមើលប្រព័ន្ធហ្វ្រាំងដើម្បីសុវត្ថិភាពជាចម្បង យ៉ាងហោចណាស់ក៏ត្រូវយកទៅឲ្យយានដ្ឋានឆែកមើលរយៈពេលមួយឆ្នាំម្តងដែរ។លើសពីនេះសញ្ញាបង្ហាញពីបញ្ហាលើប្រព័ន្ធហ្វ្រាំងក៏ជាចំណុចសំខាន់មួយដែលអ្នកបើកបរគ្រប់រូបគួរតែយល់ដឹងផងដែរ។ខាងក្រោមគឺជាសញ្ញាទាំងប្រាំពីរដែលបង្ហាញថាហ្វ្រាំងរថយន្តកំពុងមានបញ្ហា និងគួរប្រញាប់យកទៅត្រួតពិនិត្យ។
១. សំឡេងរំខាន៖ អ្នកបើកបរអាចកត់សម្គាល់សំឡេងឮឡើងពេលចាប់ហ្វ្រាំងម្តងៗដូចជា «ក្រឹកៗ» ឬសំឡេងបែបកកិតដែកជាដើម។
២. ជាន់ទាញទៅម្ខាង៖ ពេលចាប់ហ្វ្រាំង កង់រថយន្តហាក់ទាញទៅម្ខាង។
៣. រលុងឈ្នាន់ជាន់៖ ឈ្នាន់ជាន់ហ្វ្រាំងជាន់ទៅរាងធូររលុងស្ទើរដល់បាត បន្ទាប់មកទើបចាប់ស៊ី។
៤. ជាន់ក្រស៊ី៖ អ្នកអាចសម្គាល់ពេលជាន់ឈ្នាន់ហ្វ្រាំងពីពីរទៅបីដងទើបស៊ី។
៥. តឹង៖ រថយន្តហាក់ប្រឹងបរទៅមុខតឹងប្រៀបបីដូចសណ្តោងទម្ងន់ធ្ងន់
៦. ញ័រ៖ ពេលជាន់ហ្វ្រាំង អ្នកនឹងមានអារម្មណ៍ហ្វ្រាំងរាងញ័រៗបើទោះជាន់តិចឬខ្លាំងក៏ដោយ
៧. លោតភ្លើងសញ្ញា៖ ពេលប្រព័ន្ធហ្វ្រាំងមានបញ្ហាវានឹងលោតភ្លើងសញ្ញាប្រាប់នៅលើកុងទ័ររថយន្ត។
សរុបមក«ហ្វ្រាំង»គ្រាន់តែជាឧបករណ៍តូចមួយនៅលើរថយន្ត ប៉ុន្តែវាមានសារៈសំខាន់បំផុតអាចជួយការពារអាយុជីវិតរបស់អ្នកបើកបរក៏ដូចជាអ្នករួមដំណើរ។ កត្តាដែលធ្វើឲ្យប៉ះពាល់ដល់ហ្វ្រាំងមានដូចជាទម្លាប់នៃការបើកបរស្ថានភាពផ្លូវបើកបរ និងគុណភាពនៃហ្វ្រាំង។ ហេតុដូចនេះដើម្បីសុវត្ថិភាពអ្នកបើកបរគ្រប់រូបគួរដឹងច្បាស់ពីសញ្ញាបង្ហាញបញ្ហានៃប្រព័ន្ធហ្វ្រាំង ប្រើប្រាស់ហ្វ្រាំងទៅតាមអាយុកាលកំណត់ និងឧស្សាហ៍ឲ្យអ្នកជំនាញឆែកមើលមុនពេលធ្វើដំណើរផ្លូវឆ្ងាយ៕