ច្បាស់ហើយ! នេះជាតម្លៃឡាន Jeep Wrangler Rubicon 392 Launch Edition ថ្មី

នៅទីបំផុត ក្រុមហ៊ុន Jeep បានប្រកាសពីតម្លៃនៃរថយន្ត Wrangler Rubicon 392 Launch Edition ថ្មីរបស់ខ្លួនជាផ្លូវការ ដោយដាក់លក់ក្នុងតម្លៃ ៧៣ ៥០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេិរក។

តម្លៃប៉ុណ្ណេះ ធ្វើឲ្យវាថ្លៃជាងម៉ូដែល Wrangler ប្រភេទ Base Model ដល់ទៅជាងពាក់កណ្តាល ហើយក៏ថ្លៃជាងរថយន្ត Ram 1500 TRX ដែលមានកម្លាំង ៧០២សេះដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទុករឿងតម្លៃមួយឡែកសិន រថយន្ត Wrangler Rubicon 392 Launch Edition ត្រូវបានផលិតឡើងដើម្បីក្លាយជារថយន្ត Jeep ដ៏អស្ចារ្យបំផុត ដោយបំពាក់ម៉ាស៊ីនចំណុះ ៦,៤លីត្រ HEMI V8 មានកម្លាំងដល់ ៤៧០សេះ។ វាដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី។

មិនតែប៉ុណ្ណោះ Wrangler Rubicon 392 ក៏មានកម្ពស់ខ្ពស់ជាង Wrangler ធម្មតា ៥ សង់ទីម៉ែត្រ ដោយមានបាតឈរផុតពីដីកម្ពស់ ២៦ សង់ទីម៉ែត្រ និងអាចលយទឹកបានជម្រៅ ៨២,៥សង់ទីម៉ែត្រ។ លើសពីនេះទៅទៀតនោះ វាបានប្រើប្រព័ន្ធបូមពិសេស, យ៉ាន់ ១៧អ៊ីញ និងសម្បកកង់ ៣៣អ៊ីញ, រន្ធបឺតខ្យល់លើគម្របម៉ាស៊ីន និងបំពង់ស៊ីម៉ាំង ៤ ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម