ច្បាស់ហើយ! ឡានស្ព័រ Nissan ថ្មី នឹងប្រើលេខដៃ (មានវីដេអូ)

បន្ទាប់ពីបានចូលសង្វាក់ផលិតកម្មក្នុងឆ្នាំ២០០៩ រថយន្តស្ព័រត្រកូល Z របស់ Nissan បានក្លាយជារថយន្តស្ព័រមានវ័យចំណាស់បំផុតមួយ នៅក្នុងទីផ្សាររថយន្ត ហើយក៏ទទួលបានការចាប់អារម្មណ៍មិនតិចដែរ ពីសំណាក់អ្នកស្រលាញ់ចូលចិត្តរថយន្ត។ ឥឡូវនេះ Nissan កំពុងតែត្រៀមខ្លួន ដើម្បីបញ្ចេញត្រកូល Z ជំនាន់ថ្មី ហៅថា Z Proto។

រថយន្ត Nissan Z Proto ថ្មី នឹងពាំនាំយកកេរ្តិ៍ឈ្មោះរបស់ខ្លួនមកវិញ ខណៈគេរំពឹងថា វានឹងដាក់ម៉ាស៊ីននៅខាងមុខ (front engine), ប្រើប៉ុងមួយវិលកង់ក្រោយ RWD និងប្រអប់លេខដៃ ៦វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើតាមវីដេអូ Teaser ខ្លីមួយខ្សែ​ដែលចេញដោយ Nissan ផ្ទាល់ បានបង្ហាញឲ្យឃើញ កាប៊ីនខាងក្នុងរបស់ Z Proto ខណៈអ្នកបើកបរបានដាក់លេខ (លេខដៃ) ហើយក៏បង្ហាញឲ្យឃើញនូវ ហ្វ្រាំងដៃ ដែលអ្នកចូលចិត្តបើក Drift ប្រាកដជាពេញចិត្ត។ ក្រៅពីនោះ វីដេអូខាងលើក៏បង្ហាញឲ្យឃើញថា Z Proto នឹងបំពាក់ចង្កៀងមុខ LED ព្រមទាំងយ៉ាន់ Alloy រាងជាអក្សរ V ទៀតផង។

Z Proto​ ត្រូវគេរំពឹងថានឹងបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharge V6 មានកម្លាំង ៤០០សេះ។ វានឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឆាប់ៗនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម