ដើម្បីបរិស្ថាន អង់គ្លេស នឹងឈប់ឲ្យលក់ឡានប្រើសាំង ម៉ាស៊ូត និង Hybrid តទៀត

ចក្រភពអង់គ្លេស នឹងហាមឃាត់ការលក់រថយន្តប្រើសាំង ម៉ាស៊ូត និង Hybrid នៅឆ្នាំ២០៣៥ ខាងមុខនេះ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងការបំភាយផ្សែងពុល។

មុនដំបូង រដ្ឋាភិបាលអង់គ្លេសមានគោលបំណងហាមឃាត់ការលក់រថយន្តប្រភេទទាំងនេះ នៅមុនឆ្នាំ២០៤០។ សេចក្តីរាយការណ៍នេះ ត្រូវបានធ្វើឡើងដោយលោកនាយករដ្ឋមន្រ្តី Boris Johnson ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ កាលពីខែវិច្ឆិកា ដែលមានឈ្មោះថា COP26 ហើយគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៅទីក្រុង Glasgow។

លោក Boris Johnson

ប្រទេសអង់គ្លេស មានបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធដល់សូន្យ ត្រឹមឆ្នាំ២០៥០។ ប្រទេសនេះបានបន្ថែមទៀតថា ខ្លួននឹងហាមម្រាមលើរថយន្តប្រើសាំង ម៉ាស៊ូត និង Hybrid ចាប់ពីឆ្នាំ២០៣៥ ប្រសិនបើការផ្លាស់ប្តូរលឿនជាងនេះអាចធ្វើទៅបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ប្រទេសមួយចំនួនផ្សេងទៀត ក៏បានប្រកាសហាមឃាត់ប្រហាក់ប្រហែលគ្នានេះដែរ លើការលក់រថយន្តប្រើសាំង និងម៉ាស៊ូត។ ជាក់ស្តែង ប្រទេសន័រវែស បានកំណត់ថាត្រឹមឆ្នាំ២០២៥ រថយន្តរបស់ខ្លួនទាំងអស់នឹងជារថយន្តមិនបំពុលបរិស្ថាន (zero emission) ខណៈប្រទេសបារាំងចង់ហាមឃាត់ការលក់រថយន្ត ដែលប្រើឥន្ធនៈហ្វូស៊ីល នៅឆ្នាំ២០៤០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម