តាមរូបភាព teaser នេះ រថយន្តភីកអាប់អគ្គិសនីខ្នាតធំ GMC Sierra Denali ថ្មីទំនងជាមានរូបរាងបែបនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បញ្ចេញវីដេអូ teaser រយៈពេល ១៩ វិនាទី នៃរថយន្ត GMC Sierra Denali ថ្មីដែលជារថយន្តភីកអាប់អគ្គិសនីខ្នាតធំទី២ ដែលបានបង្ហាញយ៉ាងច្បាស់នៅផ្នែកខាងមុខនៃរថយន្ត ដោយមានភាពទំនើបទាន់សម័យជាមួយនឹងចង្កៀងមុខ LED នឹងការរចនាខ្លះយកលំនាំពីរថយន្ត Hummer EV ។

យោងតាមរូបភាព Teaser បានបង្ហាញយ៉ាងច្បាស់ពីការរចនាផ្នែកខាងមុខ ដោយបំពាក់ជាមួយប៉ាណាមុខដែលព័ទ្ធជុំវិញជាមួយនឹងបន្ទាត់ភ្លើងប្រភេទ LED bezel ត្រូវបានបំភ្លឺយ៉ាងលេចធ្លោដោយឡូហ្គោ GMC ពណ៌ក្រហម រួមជាមួយនឹងចង្កៀងមុខដែលមានរូបរាងលេខ ៧ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្នុងវិញ GMC Sierra EV ត្រូវបានរំពឹងថានឹងបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ១១ អ៊ីញ, អេក្រង់កំសាន្ត​ touchscreen ទំហំ ១៧អ៊ីញ, អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១៤ អ៊ីញជាដើម។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តបានបញ្ជាក់ថា GMC Sierra នឹងប្រើប្រាស់គ្រោងឆ្អឹង Ultium platform របស់រថយន្ត Hummer EV និងផលិតរថយន្តភីកអាប់នៅរោងចក្រ Factory Zero របស់ខ្លួននៅទីក្រុង Detroit និង Hamtram រដ្ឋ Michigan ។

ចំពោះផ្នែកម៉ាស៊ីនសម្រាប់ឆ្នាំម៉ូដែល Sierra Denali ឆ្នាំ ២០២៣ រំពឹងថាមានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរនៅក្នុងម៉ូដែលខ្ពស់បំផុត ឬប្រហែលជាទទួលបានម៉ូទ័រអគ្គិសនីចំនួន៣ ដែលផ្តល់កម្លាំងសរុប ១ ០០០ សេះ ស្រដៀងទៅនឹង Hummer EV Edition 1 ផងដែរ។

គួរបញ្ជាក់ផងដែរថា រថយន្តភីកអាប់អគ្គិសនី GMC Sierra Denali ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ ឬនិទាឃរដូវឆ្នាំ ២០២៣ ប៉ុន្មានខែបន្ទាប់ពីរថយន្ត Silverado EV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម