តើគំនូសសញ្ញាណាខ្លះ ដែលហាមមិនឲ្យបើកបរជាន់ឆ្លងកាត់?

គំនូសសញ្ញាចរាចរណ៍ ត្រូវបានបង្កើតឡើងដើម្បីឲ្យការធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈ មានរបៀបរៀបរយ ងាយស្រួលក្នុងការបើកបរ និងធានាសុវត្ថិភាព។ គំនូសសញ្ញាចរាចរណ៍ ត្រូវបានបែងចែកជាប្រភេទផ្សេងៗពីគ្នាយ៉ាងច្បាស់លាស់។ ក្នុងនោះ គំនូសសញ្ញាចរាចរណ៍ដែលហាមមិនឲ្យបើកបរជាន់ឆ្លងកាត់រួមមាន៖

១. គំនូសសញ្ញាទោលជាប់ ពណ៌លឿង តាមបណ្តោយទ្រូងផ្លូវ ប្រើសម្រាប់បែងចែកទ្រូងផ្លូវជា២ទិសចរាចរផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។ គំនូសសញ្ញានេះ ប្រើលើផ្លូវដែលមានចរាចរធម្មតា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. គំនូសសញ្ញាភ្លោះជាប់ ពណ៌លឿង តាមបណ្តោយទ្រូងផ្លូវប្រើសម្រាប់បែងចែកទ្រូងផ្លូវជា២ទិសចរាចរផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។ គំនូសសញ្ញានេះ ប្រើលើផ្លូវដែលមានចរាចរច្រើន ឬនៅត្រង់ផ្លូវកោងគ្រោះថ្នាក់ ឬត្រង់ស្ពាន។

៣. គំនូសសញ្ញាភ្លោះពណ៌លឿង ដែលមានគំនូសដាច់ៗ នៅខាងឆ្វេង និងគំនូសជាប់នៅខាងស្តាំ តាមបណ្តោយទ្រូងផ្លូវ ប្រើសម្រាប់បែងចែកទ្រូងផ្លូវ ជា២ទិសចរាចរផ្ទុយគ្នា។ អ្នកបើកបរ នៅកៀកគំនូសដាច់ៗ អាចឆ្លងកាត់ ឬ ជែងបាន ប៉ុន្តែអ្នកបើកបរនៅកៀកគំនូសជាប់មិនអាចឆ្លងកាត់ ឬជាន់បានឡើយ។

៤. គំនូសសញ្ញាភ្លោះពណ៌លឿង ដែលមានគំនូសដាច់ៗនៅខាងស្តាំ និងគំនូសជាប់នៅខាងឆ្វេង តាមបណ្តោយទ្រូងផ្លូវ ប្រើសម្រាប់បែងចែកទ្រូងផ្លូវ ជា២ទិសចរាចរផ្ទុយគ្នា។ អ្នកបើកបរនៅកៀកគំនូសដាច់ៗអាចឆ្លងកាត់ ឬ ជែងបាន ប៉ុន្តែអ្នកបើកបរនៅកៀកគំនូសជាប់មិនអាចឆ្លងកាត់ ឬជាន់បានឡើយ។

៥. គំនូសសញ្ញាជាប់ទោល ពណ៌ស តាមបណ្តោយទ្រូងផ្លូវ ប្រើសម្រាប់បែងចែកគន្លងផ្លូវចរាចរនៅជិតផ្លូវប្រសព្វ។ អ្នកបើកបរមិនត្រូវឆ្លងកាត់គំនូសនេះ ដើម្បីប្តូរគន្លងផ្លូវឡើយ។

៦. គំនូសសញ្ញាតម្រឹមគន្លងផ្លូវ ពណ៌លឿង ឆ្នូតបញ្ឆិតទ្រូងផ្លូវ ប្រើសម្រាប់តម្រឹមគន្លងផ្លូវ ដែលមានចរាចរ២ទិសផ្ទុយគ្នា។ ហាមបើកបរជាន់ ឆ្លងកាត់ ឈប់ ឬ ចតលើគំនូសសញ្ញានេះ។

៧. គំនូសសញ្ញាតម្រឹមគន្លងផ្លូវ ពណ៌លឿង រាងមុខព្រួញលើទ្រូងផ្លូវ ប្រើសម្រាប់តម្រឹមគន្លងផ្លូវ ដែលមានចរាចរតែមួយទិស។ ហាមបើកបរជាន់ ឆ្លងកាត់ ឈប់ ឬ ចតលើគំនូសសញ្ញានេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម