[ចំណេះដឹងយានយន្ត] ការខាត់ថ្នាំរថយន្តពិតជាមានអត្ថប្រយោជន៍ក្នុងការជួយឲ្យរថយន្តមើលទៅភ្លឺរលោង និងរក្សាពណ៌ឲ្យនៅតែថ្មីស្រស់ស្អាត បើទោះផុតស៊េរីក៏ដោយ។ ចុះតើរយៈពេលប៉ុន្មានដែលអ្នកគួរយករថយន្តទៅខាត់ថ្នាំ ពិតប្រាកដណាស់ខាងក្រោមនេះគឺជាចម្លើយលម្អិត។
- រយៈពេលប៉ូលាថ្នាំរថយន្ត៖ ជាទូទៅការប៉ូលាថ្នាំរថយន្តត្រឹមត្រូវគឺធ្វើឡើងនៅរៀងរាល់ ៣ខែម្តង។ ប៉ុន្តែប្រសិនបើរថយន្តប្រើប្រាស់ក្នុងស្ថានភាពមិនសូវល្អច្រើន អ្នកគួរតែប៉ូលាឲ្យបានច្រើនជាងនេះ។ ខណ:ពេលស្ថានភាពមិនល្អសំដៅទៅលើ ការបើកបររថយន្តក្រោមមេឃភ្លៀងញឹកញាប់ ត្រូវទឹកប្រៃ(នៅតំបន់សមុទ្រ ឬ ទឹកភ្លៀង) ឬបើកបរក្នុងតំបន់ហុយដី និងភក់កខ្វក់ជាដើម។
- ប្រភេទថ្នាំប៉ូលាមិនដូចគ្នា៖ គួរចងចាំថាប្រភេទផលិតផលថ្នាំប៉ូលាទាំងអស់គឺមិនដូចគ្នានោះទេ ជាក់ស្តែងថ្នាំប៉ូលាមួយចំនួនអាចការពារទឹកថ្នាំ និងរក្សាភាពភ្លឺរលោងបានដល់ទៅមួយឆ្នាំ។ ដូចនេះគួរយល់ដឹងពីគុណភាពនៃផលិតផលថ្នាំប៉ូលាមុនពេលធ្វើការខាត់ជាថ្មីម្តងទៀត។
- វិធីប៉ូលារថយន្ត៖ មុនពេលប៉ូលាថ្នាំរថយន្ត អ្នកត្រូវប្រាកដថារថយន្តបានលាងសម្អាតត្រឹមត្រូវ និងសម្ងួតឲ្យស្ងួតជាមុនសិន។ ចំពោះកន្លែងប៉ូលានីមួយៗត្រូវយកដៃអូសមើលសិនដើម្បី ប្រាកដថាគ្មានធូលីដី ពីព្រោះបើប៉ូលាទាំងធូលីដីអាចបង្កស្នាមឆ្កូត។ ឧបករណ៍ប៉ូលាថ្នាំរថយន្ត អ្នកត្រូវមានថ្នាំប៉ូលា និងកន្សែងស្ងួតមួយស្អាត។ វិធីប៉ូលាអ្នកអាចចាប់ផ្តើមពីកន្លែងមួយទៅ កន្លែងមួយដោយយកថ្នាំប៉ូលាសមល្មមដាក់លើថ្នាំរថយន្ត បន្ទាប់មកយកកន្សែងប៉ូលាថ្នមៗធ្វើចលនាជារង្វង់ជាការស្រេច។ អ្នកក៏អាចប្រើម៉ាស៊ីនប៉ូលាជំនួសកាន់តែងាយស្រួល។
- ចំណុចគួរជៀសវាង៖ នៅពេលប៉ូលាថ្នាំរថយន្តគួរដាក់ថ្នាំប៉ូលាម្តងបន្តិចៗ ពីព្រោះបើដាក់ច្រើនពេកអាចធ្វើឲ្យបាត់បង់ភាពភ្លឺរលោង។ ម្យ៉ាងវិញទៀតគួរជៀសវាងប៉ូលាថ្នាំនៅកន្លែងហុយដី និងក្រោមកំដៅថ្ងៃ ដោយសារតែវាធ្វើឲ្យថ្នាំប៉ូលាឆាប់ស្ងួតបង្កស្នាមឆូតតូចៗ៕