[ទីផ្សារបរទេស] រយៈពេលពីរឆ្នាំក្រោយការប្រកាសចេញរថយន្តអគ្គិសនីសុទ្ធ Mustang Mach-E ក្រុមហ៊ុន Ford ពេលនេះកំពុងអបអរដល់ការផលិតរថយន្តទី ១៥ម៉ឺនគ្រឿង ហើយក្រុមហ៊ុនគិតថាការផលិតនឹងបន្តមានល្បឿនកាន់តែលឿនចាប់ពីពេលនេះ។
Ford និយាយថាខ្លួនបានគោលដៅផលិតប្រចាំសម្រាប់រថយន្ត Mustang Mach-E នេះក្នុងទំហំ ២៧ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ ដូចនេះសមិទ្ធិផលថ្មីនេះគឺជារឿងសំខាន់ក្នុងការឈានដល់សម្រេចគោលដៅផលិតរបស់ខ្លួន។ សរុបជារួម Ford មានបំណងផលិតរថយន្តអគ្គិសនីឲ្យបាន ៦០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ត្រឹមចុងឆ្នាំ២០២៣ និងឲ្យបាន ២លានគ្រឿងនៅត្រឹមឆ្នាំ២០២៦។
ជាមួយរថយន្ត Mach-E ក្រុមហ៊ុន Ford អាចឈរតំណែងលេខពីរលើទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២២នេះ នៅពីក្រោយក្រុមហ៊ុន Tesla ដោយចំណែកទីផ្សាររវាងក្រុមហ៊ុនទាំងពីរគឺ Tesla កាន់កាប់ ៦៥% ខណៈដែល Ford កាន់កាប់ ៧%។
ការលក់របស់ Mustang Mach-E នេះដែរ បានពង្រីកដល់ប្រទេសចំនួន ៣៧ជុំវិញពិភពលោក ដែលកើនឡើងពី ២២ប្រទេសកាលពីឆ្នាំដំបូងដែលចេញលក់៕