Bentley បានសម្រេចរួចរាល់លើការផលិតរថយន្ត Bentayga គ្រឿងទី ២ម៉ឺន ក្រោយពីរថយន្តនេះចេញលក់បានរយៈពេល ៤ឆ្នាំប៉ុណ្ណោះ។ ២ម៉ឺនគ្រឿង អាចថាមិនមែនជាចំនួនច្រើននោះទេ ប៉ុន្តែវាច្រើនសម្រាប់ក្រុមហ៊ុនផលិតរថយន្តប្រណីតតម្លៃថ្លៃដូចជា Bentley។
Bentley Bentayga គឺជារថយន្ត SUV ប្រណីតដំបូងរបស់ក្រុមហ៊ុន ដែលមានកម្លាំងខ្លាំង ហើយមានប្រណីតភាពខ្ពស់ ដែលប្រណីតលើសពីរថយន្ត Range Rover ទៅទៀត។ ក្រោយពី Bentley បានបញ្ចេញរថយន្ត SUV ដំបូងរបស់ខ្លួន មានក្រុមហ៊ុនផ្សេងទៀតបានធ្វើតាម ដូចជា Lamborghini ជាមួយម៉ូដែល Urus និង Rolls-Royce ជាមួយម៉ូដែល Cullinan ដែលក្រុមហ៊ុនទាំងពីរសុទ្ធតែទទួលបានជោគជ័យលើការលក់រថយន្ត SUV ដំបូងរបស់ខ្លួន។
រថយន្ត Bentayga មួយគ្រឿងៗគឺចំណាយពេលលើសពី ១០០ម៉ោង លើសង្វាក់ផលិតកម្ម ដែលមានក្រុមនៃបុគ្គលិក ២៣០នាក់ ចាំដំឡើងរថយន្តដោយដៃផ្ទាល់។ បច្ចុប្បន្ននេះ Bentayga មានជម្រើស ៥ ប្រភេទខុសគ្នា និងមានជម្រើសម៉ាស៊ីន ៤ប្រភេទ ឲ្យជ្រើសរើស៕