[ទីផ្សារបរទេស] Aston Martin ទើបតែបានបង្ហើបពីរូបរាងរថយន្ត DBX មហាកម្លាំងតាមរយៈវីដេអូខ្លីថ្មីមួយ ដោយបានហៅរថយន្តថ្មីនេះថារថយន្ត SUV ប្រណីតដែលកម្លាំងខ្លាំងជាងគេលើលោក។
កន្លងមកគេធ្លាប់បានឃើញគំរូនៃរថយន្ត DBX មហាកម្លាំងជាច្រើនលើករួចមក ហើយនាពេលនេះរូបរាងរបស់រថយន្តថ្មីនេះបានលេចចេញម្ដងទៀត ដែលម្ដងនេះគឺសឹងតែមិនមានបិតបាំងរូបរាងដូចពីមុននោះទេ។ ការឌីហ្សាញមួយចំនួនដែលធ្វើឲ្យ DBX មហាកម្លាំង ខុសពី DBX ធម្មតា រួមមានផ្ទាំងប៉ាណាមុខទំហំធំជាង និងមានរូបរាងខាងមុខខុសប្លែកពីគ្នា។
ក្រៅពីចំណុចឌីហ្សាញ អ្វីដែលខុសគ្នាខ្លាំងគឺផ្នែកម៉ាស៊ីន ដោយវារំពឹងថានឹងប្រើប្រាស់ម៉ាស៊ីន ៥,២លីត្រ ១២ស៊ីឡាំង របស់ AMG ដូចដែលមានប្រើលើរថយន្ត DBS Superleggera អ៉ីចឹងដែរ។ គេមិនទាន់ដឹងអំពីកម្លាំងដែលម៉ាស៊ីននេះអាចផលិតបាននៅពេលបំពាក់លើ DBX មហាកម្លាំងនោះទេ ប៉ុន្តែ Aston Martin អះអាងថាវានឹងជារថយន្ត SUV ប្រណីតមានកម្លាំងខ្លាំងដាច់គេ។
នេះមានន័យថា DBX ប្រភេទថ្មីនេះនឹងមានកម្លាំងខ្លាំង SUV ប្រណីតដទៃទៀត ដូចជា Lamborghini Urus, Rolls-Royce Cullinan និង SUV របស់ Bentley ជាដើម។ ដំណឹងកាន់តែច្បាស់នឹងដឹងនៅពេលដែលរថយន្ត DBX ប្រភេទថ្មីបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី១ ខែកុម្ភៈ៕