ទីបំផុត! រថយន្ត SUV ខ្នាតធំ Toyota Land Cruiser ឆ្នាំ២០២២ បង្ហាញរូបរាងជាផ្លូវការហើយ

ក្រុមហ៊ុន Toyota បានធ្វើការបង្ហាញចេញនូវរូបរាងនៃរថយន្ត SUV ខ្នាតធំរបស់ខ្លួន Toyota Land Cruiser ឬហៅថា LC300 ឆ្នាំ ២០២២ ជាផ្លូវការ បន្ទាប់ពីធ្វើអោយអ្នកគាំទ្ររបស់ខ្លួនរង់ចាំ ចង់ឃើញរូបរាងច្បាស់ៗ អស់ជាច្រើនសប្តាហ៍កន្លងទៅ។

រថយន្ត LC300 មានប្រវែងសរុប ៤ ៩៩០មម, ប្រវែងទទឹង ១ ៩៨០មម និងប្រវែងពីកង់មុខដល់កង់ក្រោយ ១២ ៨៥០មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូចដែរបងប្អូនទាំងអស់គ្នាបានឃើញផ្ទាល់នៅពេលនេះ សម្រាប់រូបរាងផ្នែកខាងក្រៅនៃ Land Cruiser ឆ្នាំ២០២២នេះ បានធ្វើការផ្លាស់ប្តូររូបរាងថ្មី ដោយបំពាក់ជាមួយប៉ាណាខាងមុខ ធំជាងម៉ូឌែលមុន និងចង្កៀងផ្នែកខាងមុខ និងខាងក្រោយ ប្រភេទ LED។

រីឯផ្នែកខាងក្នុងបានទទួលបានការឌីស្សាញថ្មីកាន់តែប្រណីត បែបស្ព័រ និងទំនើបជាងមុន ព្រមទាំងបំពាក់ជាមួយអេក្រង់កម្សាន្តទំហំធំ អមដោយប៊ូតុងមុខជាច្រើន ដែល Toyota និយាយថាធ្វើឡើងដើម្បីជួយផ្តល់ភាពងាយស្រួលនៅពេលបើកផ្លូវ Off-road រួមជាមប៊ូតុង Mode ដែលអាចផ្លាស់ប្តូរបាន ៨ជម្រើស។

រថយន្តនេះត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងថ្មីឈ្មោះថា TNGA និងមានទម្ងន់ស្រាលជាងមុនចំនួន ២០០គីឡូក្រាម។ ក្រុមហ៊ុន Toyota បាននិយាយថា ពួកគេបានធ្វើការឌីស្សាញគ្រោងតួរខ្លួនរថយន្តឡើងវិញ ដើម្បីអោយការបើកបរផ្លូវលំបាក(Off-Road)កាន់តែប្រសើរ បន្ថែមជាមួយការបំពាក់ប្រព័ន្ធ Electronic Kinetic Dynamic Suspension(E-KDSS) ថ្មីដំបូងគេលើពិភពលោក និង Multi-Terrain Monitor ដែលបង្ហាញពីឧបសគ្គភ្លាមៗ និងជ្រើសរើសជម្រើសការបើកបរល្អបំផុតផងដែរ។

បន្ថែមពីនេះ LC300 ឆ្នាំ ២០២២ ក៏បានបំពាក់ជាមួយកញ្ចាប់សុវត្តិភាព TSS ដែលមានមុខងារជំនួយដល់ការបើកបរថ្មីគួរអោយកត់សម្គាល់ចំនួន ២គឺ Pre-collision system និងEmergency Steering and Crash avoidance។

ក្រុមហ៊ុន Toyota បានផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ២ជម្រើសគឺ ម៉ាស៊ីនម៉ាស៊ូត ៣,៣ លីត្រ ៦ស៊ីឡាំង Twin-Turbo កម្លាំង ៣០២សេះ កម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនសាំងថ្មីចំណុះ ៣,៥ លីត្រ ៦ស៊ីឡាំង Twin-Turbo កម្លាំង ៤០៩សេះ កម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ។ ដំណើការដោយប្រអប់លេខ ១០វគ្គអូតូ ដែលជួយអោយរថយន្តកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចំនួន ១០ភាគរយ ប្រើប្រៀបធៀបទៅនឹង LC200 និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៦,៧វិនាទី។

សម្រាប់តម្លៃ និងជម្រើសម៉ូឌែល ក្រុមហ៊ុន Toyota នៅពុំទាន់បង្ហាញចេញនៅឡើយនោះទេ ប៉ុន្តែរថយន្តនេះនឹងចេញលក់នៅរដូវក្តៅ (ចន្លោះខែ មិថុនា ដល់ខែកញ្ញា)នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម