ជំងឺកូវីដ១៩បានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ Aston Martin យ៉ាងធ្ងន់ធ្ងរដោយក្រុមហ៊ុនបានរាយការណ៍អំពីការខាតបង់ទឹកប្រាក់ដល់ ១៤៦លានដុល្លារ ក្នុងត្រីមាសដំបូងនៃឆ្នាំ ២០២០។ ក្រោយទទួលបានប្រាក់ជំនួយ ៦៦៣លានដុល្លារ រួចមក ក្រុមហ៊ុនបានសម្រេចផ្ដោតលើការបញ្ចេញលក់រថយន្ត SUV របស់ខ្លួន ដោយពេលនេះរថយន្តត្រូវបានចាប់ផ្ដើមផលិតជាផ្លូវការនៅរោងចក្រស្ថិតនៅប្រទេសវេល។
ជាមួយការចាប់ផ្ដើមការផលិតនាពេលនេះ គេរំពឹងថាអតិថិជននឹងចាប់ផ្ដើមទទួលបានរថយន្ត Aston Martin DBX ចាប់ពីចុងខែកក្កដានេះ ដែលអតិថិជននៅអឺរ៉ុបនឹងទទួលបានមុនគេ។ បន្ទាប់មកនៅត្រីមាសទីបី SUV នេះអាចនឹងទៅដល់ទឹកដីសហរដ្ឋអាមេរិក។
រថយន្ត DBX ដំបូងគេមានតែជម្រើសម៉ាស៊ីន V8 ដែលវាមានតម្លៃចាប់ពី ១៩២ ៩៨៦ដុល្លារ នៅសហរដ្ឋអាមេរិក។ បន្តបន្ទាប់មកទៀត ក្រុមហ៊ុននឹងបន្ថែមប្រភេទ Hybrid និងប្រភេទ V12 ដែលមានកម្លាំងខ្លាំងដាច់គេ៕